(ភ្នំពេញ)៖ មុននឹងឈានដល់ការផ្តន្ទាទោសលើបុគ្គលណាម្នាក់ថាបានប្រព្រឹត្តបទល្មើស ចាំបាច់ត្រូវធ្វើការស៊ើបអង្កេត និងធ្វើការស៊ើបសួរ ដេញដោលស្វែងរកការពិតឱ្យបានច្បាស់លាស់ជាមុនសិន។ តុលាការអាចកោះហៅបុគ្គលពាក់ព័ន្ធចូលមកផ្តល់ព័ត៌មានអំពីរឿងហេតុនៃបទល្មើស បុគ្គលទាំងនោះពិតជាមានសារៈសំខាន់សម្រាប់វិនិច្ឆ័យសេចក្តី។

បុគ្គលដែលបានមើលឃើញ ស្ដាប់ឮ ចងចាំបានអំពីហេតុការណ៍ពិតនោះ ហៅថា សាក្សី ដូច្នេះចម្លើយរបស់សាក្សីត្រូវតែជាប្រយោជន៍ដើម្បីទទួលបានការពិតក្នុងសំណុំរឿង នេះជាមូលដ្ឋានមួយសម្រាប់តុលាការពិចារណាថាបានប្រព្រឹត្តបទល្មើស ឬពុំបានប្រព្រឹត្តបទល្មើស។ ផ្ទុយទៅវិញប្រសិនបើសាក្សីផ្តល់ចម្លើយដោយវៀចវេរ មិនពិត ភូតកុហក លំអៀង នោះសាក្សីនឹងត្រូវទទួលការផ្តន្ទាទោសព្រហ្មទណ្ឌ។ តើសាក្សីដែលផ្ដល់ចម្លើយភូតកុហកជូនតុលាការ ឬមិនព្រមធ្វើជាសាក្សីត្រូវទទួលការផ្តន្ទាទោសអ្វីខ្លះ?

ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ដូចតទៅ៖

ដូចដែលបានលើកឡើងខាងលើរួចហើយថា សាក្សីត្រូវតែឆ្លើយការពិត ទៀងត្រង់ មិនភូតកុហកឡើយ ដូច្នេះពេលសាក្សីចូលឆ្លើយបំភ្លឺនៅតុលាការ តម្រូវឱ្យធ្វើសម្បថស្របតាមសាសនា ឬជំនឿរបស់ខ្លួនថានិយាយតែការពិត ដែលខ្លួនបានមើលឃើញ ស្ដាប់ឮ ចងចាំ មុននឹងសាក្សីម្នាក់ៗឆ្លើយសំណួរ ចំណែកឯខ្លឹមសារនៃសម្បថមាននៅក្នុងឧបសម្ព័ន្ធនៃក្រមព្រហ្មទណ្ឌ ប៉ុន្តែការធ្វើសម្បថនេះត្រូវបានអនុញ្ញាតឱ្យរួចផុតចំពោះសាក្សីមួយចំនួនដូចជា៖
១៖ ឪពុកម្ដាយ និងបុព្វជនគ្រប់រូបរបស់ជនត្រូវចោទ។
២៖ កូនប្រុស កូនស្រី និងបច្ឆាជនគ្រប់រូបផ្សេងទៀតរបស់ជនត្រូវចោទ។
៣៖ បងប្អូន ប្រុសស្រី របស់ជនត្រូវចោទ។
៤៖ ប្ដី ឬប្រពន្ធរបស់ជនត្រូវចោទ ទោះបីបានលែងលះគ្នាហើយក៏ដោយ។
៥៖ កុមារអាយុតិចជាង ១៤ឆ្នាំផងដែរ។

បើទោះបីជាមានការអនុញ្ញាតឱ្យរួចផុតពីការធ្វើសម្បថក្តី សាក្សីត្រូវតែផ្តល់ចម្លើយពិត មិនទទួលផលប្រយោជន៍ លាភសក្ការៈ ដើម្បីផ្តល់ចម្លើយភូតកុហកឡើយ បើពុំដូច្នេះទេត្រូវទទួលការផ្តន្ទាទោសតាមមាត្រា ៥៤៧ បទស៊ីសំណូករបស់សាក្សី ដើម្បីធ្វើសក្ខីកម្មក្លែងក្លាយ បានចែងថា «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ អំពើរបស់សាក្សីណាដែលទទូចសុំ ឬយល់ព្រមទទួលយកដោយផ្ទាល់ ឬដោយប្រយោលនូវអំណោយ ជំនូន ការសន្យា ឬអត្ថប្រយោជន៍អ្វីមួយ ដើម្បី (១) មិនធ្វើជាសាក្សី (២) ផ្ដល់សក្ខីកម្មភូតកុហក។

ប៉ុន្ដែការផ្ដន្ទាទោសខាងលើនេះ ត្រូវលើកលែងចំពោះកុមារដែលមានអាយុតិចជាង ១៤ឆ្នាំ (ចំណុចទី៥នៃការអនុញ្ញាតឱ្យរួចផុតពីការធ្វើសម្បថ)។ បទល្មើសនេះក៏បានកំណត់ជាប្រភេទនៃបទល្មើសពុករលួយដូចមានបញ្ញតិ្តក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយផងដែរ។

សរុបរួមមក ចំណុចនេះសាក្សីមានកាតព្វកិច្ចចូលខ្លួនឆ្លើយបំភ្លឺករណីមានការកោះហៅពីតុលាការ ដោយត្រូវឆ្លើយបំភ្លឺតែការពិតនូវហេតុការណ៍ដែលខ្លួនបានមើលឃើញ (សកម្មភាព) និងអ្វីដែលខ្លួនបានស្ដាប់ឮ បានចងចាំ ជូនតុលាការ ជៀសវាងការផ្តល់ចម្លើយភូតកុហក ឬមិនព្រមចូលឆ្លើយ នាំឱ្យសាក្សីទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមបញ្ញត្តិច្បាប់ដែលបានកំណត់ ។

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected], គេហទំព័រ៖www.ciclf.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm ៕