(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ឱបកម្ពុជា ក្នុងអាណត្ដិថ្មីរបស់ខ្លួន ដែលដឹកនាំដោយលោកស្រី ស៊ុំ សុខា បានដឹកនាំក្រុមកីឡាករ-កីឡាការិនីបាល់ឱបកម្ពុជា ចូលរួមប្រកួតអន្ដរជាតិ 7S South East Asia នៅប្រទេសថៃ រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៣ ចុងសប្ដាហ៍កន្លងទៅ ។

ក្រៅពីការប្រកួតអន្ដរជាតិខាងលើ ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយប្រធានសហព័ន្ធកីឡាបាល់ឱបថៃ ស្ដីពីការអភិវឌ្ឍន៍បាល់ឱបរវាងប្រទេសទាំងពីរ ក៏ដូចជាបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាពេលខាងមុខ ។

តាមរយៈជំនួបនេះដែរ ភាគីថៃ បានសម្ដែងការសប្បាយរីករាយ និងប្ដេជ្ញា សហការគាំទ្រកីឡាបាល់ឱបកម្ពុជា ទាំងលើការងារបច្ចេកទេស ការហ្វឹកហាត់ គ្រូបង្វឹក រួមទាំងអាជ្ញាកណ្ដាលជាដើម ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ឱបកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ក្នុងនាមប្រធានសហព័ន្ធលោកស្រី ស៊ុំ សុខា បានប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ទៅលើកីឡាករ-កីឡាការិនីបាល់ឱបកម្ពុជា តាមរយៈការដឹកនាំជូលរួមប្រកួតនានា ដើម្បីដកស្រង់បច្ចេកទេសថ្មីៗ ល្អៗ ឆ្ពោះទៅរកការអភិវឌ្ឍន៍ និងពង្រឹងគុណផលកីឡាកម្រិតខ្ពស់ត្រៀមការប្រកួតអន្ដរជាតិនានា ៕