(បរទេស)៖ វគ្គទី១០ ខ្សែភាពយន្តត្រកូល «Fast And Furious» បានទម្លាក់រឿង «Guardians Of The Galaxy Vol 3» ឡើងទៅឈរនៅលេខរៀងទី១ ក្នុងនាមជាខ្សែភាពយន្តទទួលបានចំណូលច្រើនបំផុត បន្ទាប់ពីចាក់បញ្ចាំងក្នុងសប្តាហ៍ដំបូង។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

Fast X រកបាន ៦៧.៥លានដុល្លារអាមេរិក ក្នុងការលក់សំបុត្រពី ៤,០៤៦រោងកុន នៅអាមេរិកខាងជើង។ នេះបើយោងតាមការប៉ាន់ស្មានពី Universal Pictures កាលពីថ្ងៃអាទិត្យកន្លងទៅ។ ទោះជាបែបនេះក្តី រឿងនេះត្រូវបានគេដឹងថា កម្រិតនៃការកើនឡើងប្រាក់ចំណូល គឺទាបជាង Furious វគ្គ៧ ព្រោះកាលនោះ នៅពេលបើកឆាកបញ្ចាំង វគ្គ៧រកបាន ១៤២,២លានដុល្លារ ដែលធ្វើឲ្យវាក្លាយជាខ្សែភាពយន្ដតែមួយគត់ នៅក្នុងស៊េរីរឿងនេះ រកបានលើសពី១០០លានដុល្លារអាមេរិក នៅសប្តាហ៍ដំបូង ខណៈភាពយន្តនេះវគ្គ៩ គឺរកបាន៧០លានដុល្លារ កាលពីឆ្នាំ២០១៧។

Fast X បានបើកបញ្ចាំងនៅក្នុងទីផ្សារអន្តរជាតិ ចំនួន៨៤ប្រទេស ដោយចាក់ផ្សាយនៅជាង ២៤,០០០រោងកុន ដែលរហូតមកទល់នឹងពេលនេះ រកចំណូលបានប្រមាណ ២៥១.៤លានដុល្លារ។ ទីផ្សារកំពូលនៃភាពយន្តនេះ គឺប្រទេសចិន ដែលរកបានទឹកប្រាក់ចំនួន ៧៨.៣លានដុល្លារ តាមពីក្រោយដោយប្រទេសម៉ិកស៊ិក ដែលមានចំនួន ១៦.៧លានដុល្លារ និងចំណូលខ្ទង់៣១៩លានដុល្លារទៀត បានមកពីបណ្តាប្រទេសនានា។

គួរជម្រាបថា បើតាមរបាយការណ៍ភាពយន្ត «Fast X» ចំណាយប្រាក់ក្នុងការផលិតអស់ខ្ទង់ ៣៤០លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃធ្វើទីផ្សារ៕