(បរទេស)៖ ទីបំផុត Xiaomi បញ្ជាក់ថ្ងៃចេញលក់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi Civi 3 របស់ខ្លួនជាផ្លូវការហើយ ដែលនឹងត្រូវដាក់លក់នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះជាមួយនឹងរូបរាងថ្មី និងមានជម្រើសរហូតដល់ ៤ពណ៌ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈរូបភាព Renders ពី Xiaomi ស្មាតហ្វូនជំនាន់ចុងក្រោយ Civi 3 មានជម្រើស ៤ពណ៌រួមមាន Rose Purple, Adventure Gold, Mint Green និង Coconut Grey ដែលនឹងត្រូវបានបំពាក់ដោយកាមេរ៉ាទំហំ ៥០មេហ្គាភិចស៊ែល (50 MP) ជាមួយនឹងប្រតិបត្តិការ OIS។ លើសពីនេះទៅទៀត Civi 3 មកលើកនេះត្រូវបានបំពាក់ដោយ Flash ប្រភេទ quad-LED នៅខាងក្រោមកាមេរ៉ាក្រោយ ដែលមានកម្រិតពន្លឺកាន់តែភ្លឺបើធៀបនឹងម៉ូដែលមុនៗ តែចំពោះមុខងារលម្អិតផ្សេងទៀត Xiaomi សូមឱ្យរង់ចាំថ្ងៃចេញលក់មកដល់។

គួរជម្រាបដែរថា Xiaomi នឹងចេញលក់ក្នុងប្រទេសកំណើតរបស់ខ្លួនដំបូងគេ ទើបបញ្ចេញទៅក្រៅប្រទេស ចំណែកឯតម្លៃវិញនៅមិនទាន់មានការបញ្ជាក់នៅឡើយនោះទេ ដូច្នេះមានតែរង់ចាំការមកដល់នៅ ៣ថ្ងៃបន្ទាប់ប៉ុណ្ណោះ៕