(ភ្នំពេញ)៖ សមាគមជនជាតិជប៉ុននៅកម្ពុជា និង Donuts Entertainment ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី  បានរៀបចំមហាស្រពកម្ពុជា-ជប៉ុន ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

មហោស្រពនេះ បានរៀបចំឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំកម្ពុជា ព្រមភ្ញៀវកិត្តិយស និងអ្នកចូលរួមប្រមាណ ៤,០០០នាក់ នៅសួនច្បារមុខវត្តបទុមវតី កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានសិល្បករជប៉ុនល្បីៗជាច្រើន បានសម្ដែងរួមគ្នាជាមួយសិល្បករខ្មែរ។

តំណាងសមាគមខាងលើ បានបញ្ជាក់ថា រាល់កម្មវិធីពីមុនមក គឺមានការណែនាំស្ដីអំពីវប្បធម៌ប្រពៃណីរបស់ជប៉ុន ប៉ុន្តែសម្រាប់មហោស្រពកម្ពុជា-ជប៉ុនលើកនេះ គឺជាការសាកល្បងលើកដំបូង ដោយបានពាំនាំយកនូវការរាំ និងតន្ត្រីរបស់យុវជនមកប្រទេសកម្ពុជា។ ជាលទ្ធផលផ្លែផ្កាដែលទទួលបានអ្នកចូលរួមប្រមាណ ៤,០០០នាក់ ដែលទទួលបាននូវជោគជ័យដ៏ត្រចះត្រចង់ ។

មហោស្រពនេះចូលរួមសម្ដែងដោយក្រុមអ្នករាំ Breakdance លំដាប់ពិភពលោករបស់ជប៉ុន MORTAL COMBAT , DJ SO-SO, SPIN MASTER A-1, លោក SUMMER, កញ្ញា Dalina, កញ្ញា Kesorrr ជាដើម។

លោក IWAHANA Gen មកពី Donuts Entertainment ដែលជាអ្នករៀបចំមហោស្រព បានថ្លែងថា «យើងខ្ញុំមានទំនាក់ទំនងជាមួយកម្ពុជា ដែលចាប់ផ្តើមពីការគាំទ្រកីឡារាំ Breakdance របស់កម្ពុជា និងអត្តពលិកជម្រើសជាតិកម្ពុជាផ្នែកកីឡារាំ Breakdance នៅក្នុងមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ ខ្ញុំចង់បន្តភ្ជាប់ការរាំ និងតន្ត្រីជប៉ុនជាមួយកម្ពុជា ព្រមទាំងសហការក្រោមទម្រង់ផ្សេងៗទៀត»

ចំណែកលោក KOICHI Takuma តំណាងសមាគមជនជាតិជប៉ុននៅកម្ពុជា និយាយថា «ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន យើងខ្ញុំកំពុងរៀបចំព្រឹត្តិការណ៍ផ្លាស់ប្តូរទំនាក់ទំនង និងវប្បធម៌ផ្សេងៗនាពេលអនាគត។ ខ្ញុំបាទសង្ឃឹម និងមានជំនឿចិត្តយ៉ាងមុតមាំថា មិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំជាបន្ថែមទៀត»

គួរដឹងថា ឆ្នាំនេះ គឺជាខួបអនុស្សាវរីយន៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានតម្លើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣នេះ ដែលត្រូវបានយល់ព្រមដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមិអូ នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសជំនួបកំពូលទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕