(តូរីន)៖ ក្រុមបាល់ទាត់សេះបង្កង់ Juventus ត្រូវបានផ្លាស់ទីតាំងពីលេខ២ ទៅកាន់លេខរៀងទី៧ វិញ ក្រោយពេលរងពិន័យកាត់ ១០ពិន្ទុពីលីគកំពូលអ៉ីតាលី Serie A ក្នុងសវនាការថ្មីដែលត្រូវបានធ្វើឡើងនាថ្ងៃចន្ទម្សិលមិញនេះ។

ការរងពិន័យកាត់ ១០ពិន្ទុចេញពីលីគនារដូវកាលនេះ ក៏ព្រោះតែក្លិបមានមូលដ្ឋាននៅទីក្រុង Turin ខាងលើ ត្រូវបានគេរកឃើញថា បានល្មើសទៅនឹងគោលការណ៍ទិញ-ដូរកីឡាករនាពេលកន្លងមក ដ្បិតការពិន័យកាត់ ១៥ពិន្ទុកាលពីខែមករា ឆ្នាំ២០២៣ ត្រូវបានលុបចោលវិញកាលខែមេសា ក្រោមបញ្ជាឲ្យមានការពិនិត្យឡើងវិញ ដោយតុលាការកំពូលកីឡាអ៉ីតាលី។

តែយ៉ាងណា សវនាការថ្មីត្រូវបានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ នៅមុនពេល Juventus លេងចាញ់ ៤ទល់នឹង១ នៅក្នុងផ្ទះរបស់ Empoli នៅ Serie A ប្រចាំសប្តាហ៍ទី៣៦ ជើងទី២។

ការពិន័យជាថ្មីដែលត្រូវកាត់ ១០ពិន្ទុនេះដែរ បានធ្វើឲ្យ Juventus ធ្លាក់ទៅលេខរៀងទី៧ ជាបណ្តោះអាសន្ននៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប UEFA Champions League សម្រាប់រដូវកាលក្រោយផងដែរ ដ្បិតក្រុមពពកស Napoli បានក្លាយជាជើងឯក Serie A រួចបាត់ទៅហើយ នៅមុនពេលប្រកាសសាលក្រម ក៏ព្រោះនាំមុខក្រុមលេខ២ Juventus ដាច់ដល់ទៅ ១៧ពិន្ទុឯណោះ៕