(ក្រុងឡុងដ៍)៖ ចុងសប្តាហ៍នេះ គឺជាថ្ងៃចុងក្រោយនៃការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ស្របពេលមាន ៣ក្រុមប្រជែងគ្នាយកកៅអី ដើម្បីបានលេងពានធំនេះទៀតនារដូវកាលក្រោយផងដែរ។

២ក្រុមក្នុងចំណោម ៣ក្រុមដែលត្រូវទឹកភ្នែកធ្លាក់ទៅលេងនៃក្របខណ្ឌ Championship នោះរួមមាន Everton, Leicester City និង Leeds United គ្រាដែលពួគេកំពុងស្ថិតក្នុង និងតំបន់កាត់ចោល ដែលអាចរួមដំណើរជាមួយ Southampton ដោយបានកាត់ចេញមុនគេហើយនោះ។

Everton ដែលកំពុងឈរនៅលេខរៀងទី១៧ ក្រៅតំបន់កាត់ចេញជាមួយនឹង ៣៣ពិន្ទុនោះ នឹងធ្វើជាភ្ញៀវរបស់ AFC Bournemouth នាថ្ងៃទី២៨ ខែឧសភា ស្ថិតក្រោមការដឹកនាំរបស់លោក Sean Dyche ដែលត្រូវបានតែងតាំងកាលចុងខែមករា ឆ្នាំ២០២៣ មក បន្ទាប់ពីក្លិបបញ្ចប់តំណែងលោក Frank Lampard នោះ។

ក្រុមស្ករគ្រាប់មួយនេះ នៅក្រៅតំបន់កាត់ចោលត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ បើធៀបទៅនឹង Leicester City និង Leeds United ដ្បិតពួកគេត្រូវការជ័យជម្នះដាច់ខាតនៅថ្ងៃប្រកួតបិទរដូវកាលនេះដូចគ្នា។

យ៉ាងណាមិញ ចំណែកឯ Leicester City អតីតជើងឯក Premier League នាឆ្នាំ២០១៦ ឈរនៅលេខរៀងទី១៨ ក្នុងតំបន់កាត់ចោល មានតែ ៣១ពិន្ទុ ក្រោយលេងបាន ៣៧ប្រកួតមកនេះ ត្រូវការ ៣ពិន្ទុដាច់ខាតពីក្រុមម្ចាស់ផ្ទះញញួរធំ West Ham United នៅរាត្រីថ្ងៃទី២៨ ខែឧសភាដែរ ក្នុងការសង្ឃឹមបន្តលេងនៅលីគកំពូលនេះទៀត គ្រាដែល Leeds United ដែលឈរនៅលេខរៀងទី១៩ ជាមួយនឹង ៣១ពិន្ទុផងនោះ ក៏ត្រូវការ ៣ពិន្ទុពីម្ចាស់ផ្ទះ Tottenham Hotspur នាថ្ងៃជាមួយគ្នាដែរ៕