(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ កីឡាករ ឈុន ប៊ុនថន ដែលដណ្ដើមបានលើប្រភេទកីឡាអត្តពលកម្ម រត់ចម្ងាយ ៨០០ម៉ែទ្រ បានប្ដេជ្ញា និងតាំងចិត្តបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែខ្លាំង ឲ្យឈានដល់ការប្រជែងកម្រិតអូឡាំពិក ដើម្បីបង្ហាញថា កម្ពុជាក៏មានអ្នកខ្លាំង ក្រោមម្លប់នៃសន្ដិភាព។

ក្រោយបញ្ចប់បេសកកម្មស៊ីហ្គេម ប៊ុនថន នឹងមានភារកិច្ចចំពោះមុខជាច្រើន ដូចជាការត្រៀមប្រកួតកម្រិតអាស៊ី(Open Asian Games) នាថ្ងៃទី១១ ខែកក្កដា មុនបន្ដចេញទៅហ្វឹកហាត់នៅចិន នាថ្ងៃទី៥ ខែសីហា និងត្រៀមការប្រកួតកីឡាអាស៊ី (Asian Games) នាខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ លើសពីនេះ គេគ្រោងស្នើហ្វឹកហាត់បន្ដនៅចិន ដើម្បីត្រៀមការប្រកួតកីឡាអូឡាំពិក នៅប៉ារីស ប្រទេសបារាំង នាឆ្នាំ២០២៤ ផងដែរ។

កូនកំព្រាឪពុក-ម្ដាយមានដើមកំណើតពីខេត្តព្រៃវែងរូបនេះ បន្ដថា ផ្អែកលើថិរវេលាល្អបំផុត ខ្លួនធ្វើបានកំឡុងពេលហ្វឹកហាត់នៅចិន សម្រាប់ការរត់ ៨០០ម៉ែត្រ គឺប្រើពេល ១នាទី និង ៤៨ ឬ ៤៩វិនាទី។ ប៉ុន្ដែគេជឿជាក់ថា បើសិនខ្លួនខំប្រឹង និងអាចហ្វឹកហាត់បានច្រើនឆ្នាំទៀត គេនឹងមានសមត្ថភាពកម្រិតខ្ពស់ ហើយអាចចូលប្រកួតប្រជែងកម្រិតអូឡាំពិក យ៉ាងហោចណាស់ក៏ទទួលបានចំណាត់ថ្នាក់ ចន្លោះពីលេខ២០ ទៅលេខ៣០ ដែរ ។

ឈុន ប៊ុនថន បន្ដថា «នេះគឺជាចំណុចមួយ ដែលខ្ញុំត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែម ដើម្បីបង្ហាញពិភពលោកថា កម្ពុជាអាចធ្វើបាន កម្ពុជាក៏មានអ្នកខ្លាំង កម្ពុជាក៏ខ្លាំង ។ កម្ពុជាមិនមែនខ្សោយរហូតទេ ខ្សោយដោយសារតែយើងមានបញ្ហាសង្គ្រាម តែយើងចប់សង្គ្រាមហើយ យើងមានសន្ដិភាពហើយ។ អ៊ីចឹងប្រជាជនយើង កីឡាករយើង ចាប់ផ្ដើមមានសមត្ថភាពកើនឡើង មានបញ្ញា មានចំណេះដឹងគ្រប់គ្រាន់ ដែលអាចប្រជែងជាមួយពិភពលោកបាន»

ជាមួយការតាំងចិត្តនេះ លោក ពៅ ស៊ីថា (គ្រូ ហ៊ូវ) គ្រូបង្វឹកជម្រើសជាតិ បានទទួលស្គាល់ពីការតស៊ូ ខំប្រឹង និងភាពរីកចម្រើនរបស់ ប៊ុនថន។ លោកជឿជាក់ថា គេនឹងអាចវិឌ្ឍន៍ខ្លួនឆ្ពោះទៅរកកម្រិតខ្ពស់បន្ថែមទៀត ទោះបីកីឡាអត្តពលកម្ម គឺជាប្រភេទកីឡា ដែលពិបាកប្រកួតប្រជែងមេដាយក៏ដោយ ពិសេសគឺការប្រកួតកម្រិតអូឡាំពិកតែម្ដង ។ លោកថា ប៊ុនថន ត្រូវការពេលវេលា ដើម្បីដុសខាតសមត្ថភាពបន្ថែម ហើយលោកក៏រីករាយ នឹងបន្ដជួយបំពេញបន្ថែម រាល់ចំណុចខ្វះខាត ក្នុងនាមជាគ្រូផងដែរ ។

គួរដឹងថា កីឡាអត្តពលកម្ម ត្រូវបានអ្នកជំនាញចាត់ទុកជាប្រភេទកីឡាមានការប្រកួតប្រជែងខ្លាំង និងពិបាកដណ្ដើមមេដាយ ហើយកីឡាករ ឈុន ប៊ុនថន គឺជាកីឡាករអត្តពលកម្មកម្ពុជាដំបូងគេ ដែលដណ្ដើមបានមេដាយមាស ក្នុងប្រវត្តិសាស្ដ្រស៊ីហ្គេម លើវិញ្ញាសារត់ ៨០០ម៉ែត្រ ដោយប្រើថិរវេលា ១នាទី និង ៥២វិនាទី។​ ជោគជ័យនេះ បានធ្វើឲ្យរូបគេរំភើបជាខ្លាំង រហូតស្រែកយំ និងទទួលបានការកោតសរសើរជាខ្លាំងពីថ្នាក់ដឹកនាំ មិត្តរួមអាជីព និងប្រជាពលរដ្ឋកម្ពុជា៕