(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១០ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ១១៧៣កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី «វេទិកាការងារ» ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភាខាងមុខនេះ។

ក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ធនាគារ CAB, ក្រុមហ៊ុន CPF(CP), ក្រុមហ៊ុន GOODHILL, MR Training, MEKONGNET, ក្រុមហ៊ុន JACCS,ក្រុមហ៊ុន UDAYA ,ក្រុមហ៊ុន RMA, និងក្រុមហ៊ុន PATE POK, ក្រុមហ៊ុន MJQ Mengly J. Quach Education។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា ដា គីមយ៉េង បុគ្គលិកផ្នែកស្វែងរក និងជ្រើសរើសធនធនធានមនុស្សនៃក្រុមហ៊ុន CP បានលើកឡើងថា ដោយសារតែឃើញខាង NEA បានផ្សព្វផ្សាយពីឱកាសការងារ និងរៀបចំវេទិកាការងារស្ទើរគ្រប់ទីកន្លែង ដើម្បីជួយដល់អ្នកមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារ ទើបក្រុមហ៊ុនស្នើសុំខាង NEA ដើម្បីចូលរួមផ្សព្វផ្សាយពីឱកាសការងារផងដែរ។

កញ្ញា ជឿជាក់ថាតាមរយៈការសហការជាមួយ NEA នេះ នឹងជួយដល់ក្រុមហ៊ុនឆាប់ទទួលបានបុគ្គលិកតាមតម្រូវការ។ កញ្ញាបន្តថា ដោយសារតែការរីកចម្រើនរបស់ក្រុមហ៊ុនជាបន្តបន្ទាប់ ក្រុមហ៊ុនមានតម្រូវការបុគ្គលិកជាច្រើនដើម្បីជួយដល់ដំណើរការរីកចម្រើនរបស់ក្រុមហ៊ុននេះផងដែរ ជាក់ស្តែងក្នុងវេទិកាការងារនៅថ្ងៃទី២៥ខាងមុខនេះ ក្រុមហ៊ុនបាននាំយកឱកាសការងារជាច្រើនកន្លែង គ្រប់មុខតំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។

វេទិកាការងារនេះ ក៏នឹងត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕