(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Arsenal កីឡាករ Bukayo Saka បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មី បន្តលេងឲ្យក្លិប។ នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ២១ឆ្នាំ ដែលបានចូលរួមទទួលការបណ្តុះបណ្តាល នៅសាលារបស់ក្លិបស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ ក្នុងវ័យ ៨ឆ្នាំរូបនេះ បានក្លាយជាកីឡាករសំខាន់ម្នាក់ នៅក្នុងយុទ្ធនាការ២លើកចុងក្រោយ ដោយបានបង្ហាញខ្លួន ក្នុងក្រុមជម្រើសដំបូងចំនួន ១៧៨លើក។

Saka រកគ្រាប់បាល់បាន ១៤គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន១១លើក នៅក្នុងការប្រកួតទាំងអស់ សម្រាប់ក្លិប Arsenal ក្នុងរដូវកាលនេះ។ លោកក៏ជាកីឡាករ រកគ្រាប់បាល់បានច្រើនជាងគេ របស់ក្លិប កាលពីយុទ្ធនាការមុនផងដែរ ដោយរកបាន ១២គ្រាប់។

កិច្ចសន្យាពីមុនរបស់ Saka នឹងត្រូវផុតកំណត់ នៅពេលចប់រដូវកាល២០២៣-២៤ ហើយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កិច្ចសន្យាថ្មី នឹងបន្តរហូតដល់ឆ្នាំ២០២៧៕