(ភ្នំពេញ)៖ សហព័ន្ធបាល់ទាត់ថៃ (FA) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ អំពីការ ដាក់ទោសទណ្ឌទៅលើគ្រូបង្វឹកចាំទី មន្រ្តី និងកីឡាករ ២រូបផ្សេងទៀត ដែលបានបង្កហឹង្សានៅថ្ងៃប្រកួតចុងក្រោយ ដណ្តើមមេដាយមាស SEA Games 2023 នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។

តាមរយៈគេហទំព័រកីឡា BBC ដែលបានដកស្រង់សេចក្តីថ្លែងការណ៍ FA ថៃនោះ បានចេញផ្សាយថា គ្រូបង្វឹកចាំទី រួមទាំងមន្រ្តីកីឡាបាល់ទាត់ថៃ ២រូបផ្សេងទៀត ត្រូវបានដាក់ពិន័យរយៈពេល ១ឆ្នាំដូចគ្នា ស្របពេលកីឡាករ ២រូបក្នុងឈុត U22 រួមមានអ្នកចាំទី Soponwi Rakyart និងកីឡាករបម្រុង Teerapak Pruengna រងពិន័យរយៈពេល ៦ខែ។

ដូចគ្នានោះដែរ ក្រោយចប់ការប្រកួតភ្លាមៗនៅរាជធានីភ្នំពេញនារាត្រីថ្ងៃទី១៦ ខែឧសភា សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បាននិយាយថា ពួកគេនឹងបើកការស៊ើបអង្កេតផងដែរ ចំពោះករណីវាយតប់គ្នានៅអំឡុងប្រកួតបែបនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ FA ថៃក៏បានបញ្ជាក់ថា «ការដាក់ពិន័យទៅលើគ្រូបង្វឹកចាំទី និងមន្រ្តីបាល់ទាត់នោះ គឺសមល្មម ក៏ព្រោះតែពួកគេ គួរតែជាអ្នកណែនាំកីឡាករ និងគ្រប់គ្រងស្ថានការ៍ដែលបានកើតឡើង ដ្បិតក្រុមកីឡាករនៅក្មេង ដែលមិនគួរណាដឹកនាំ ក៏ដូចជាចូលរួមវាយប្រតាយប្រតប់ដោយចេតនាបែបនេះទេ»

ក្នុងប្រកួត ១២០នាទី នៃវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសក្នុង SEA Games លើកទី៣២ រវាងក្រុម U22 ឥណ្ឌូនេស៊ី និង U22 ថៃ សុទ្ធសឹងមានកីឡាករ និងសមាជិកគ្រូបង្វឹកត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលានដូចគ្នា នៅមុនពេលឥណ្ឌូនេស៊ីបានក្លាយជាម្ចាស់មេដាយមាសលើកដំបូងនៃលទ្ធផលឈ្នះ ៥-២ ក្នុងប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស U22 គិតចាប់តាំងពីឆ្នាំ១៩៩១ មក៕