(បរទេស)៖ កម្មវិធីសិល្បៈកម្រិតពិភពលោកដ៏ល្បី គឺព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៦ នៅប្រទសបារាំង ប្រចាំឆ្នាំ២០២៣នេះ ត្រូវបានគេដឹងថា ប្រព្រឹត្តិទៅយ៉ាងរលូន ដោយសារមានចូលរួមពីសំណាក់អ្នកសិល្បៈល្បីៗជុំវិញពិភពលោក។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺស្រាប់តែមានស្ត្រីម្នាក់ ពាក់រ៉ូបពណ៌ទង់ជាតិអ៊ុយក្រែន ត្រូវបានគេដឹងថា បានបន្លំខ្លួនដើរចូលកម្រាលព្រំក្រហម ដើម្បីទាក់ទាញចាប់អារម្មណ៍ពីមហាជន តាមរយៈការយកឈាមសិប្បនិម្មិត ស្រោចលើដងខ្លួន ទំនងជាមានបំណងបង្ហាញពីទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងប្រឈមក្នុងសង្គ្រាមជាមួយរុស្សីបច្ចុប្បន្ន។

បើតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Insider បានឲ្យដឹងថា ស្ត្រី ក្លាហានមិនស្គាល់អត្តសញ្ញាណម្នាក់នោះ បានពាក់រ៉ូបពណ៌លឿង និងខៀវដែលមានគ្រឿងអលង្ការ ដែលជាពណ៌តំណាងទង់ជាតិអ៊ុយក្រែន បានដើរឡើងលើកម្រាលព្រំក្រហមអំឡុងពេលព្រឹត្តិការណ៍មួយ នៃព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុង កាលពីថ្ងៃអាទិត្យកន្លងទៅ។ បន្ទាប់ពីដើរចូលបានប៉ុន្មានជំហាន នាងស្រាប់តែឈប់ និងក្រឡេកមើលកាមេរ៉ា រួចដកដបឈាមសិប្បនិម្មិតចេញ ដើម្បីស្រោចលើដងខ្លួន បង្កការភ្ញាក់ផ្អើល និងទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ។

ភ្លាមៗសន្តិសុខ បានប្រញាប់ប្រញាលមក ដឹកដៃនាងចុះពីជណ្តើរនៃកម្មវិធី ខណៈអ្នកថតរូបជាច្រើន ត្រូវបានគេមើលឃើញថាកំពុងព្យាយាមប្រមូលផ្តុំគ្នាជុំវិញស្ត្រីរូបនោះ  ដើម្បីផ្តិតយករូបភាព ខណៈវីដេអូត្រូវបានបង្ហោះព្រោងព្រាតពេញបណ្តាញសង្គមនានា ដូចជា TikTok ជាដើម។

បើគេនៅចាំមិនភ្លេច មហោស្រពភាពយន្តទីក្រុងកាន កាលពីឆ្នាំមុន ក៏ត្រូវបានរំខានដោយស្ត្រីម្នាក់មិនស្លៀកសម្លៀកបំពាក់អ្វីទាំងអស់ និងបានដើរចូលកម្មវិធី ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសអ៊ុយក្រែន។ ត្រូវរូបនោះបានលាបពណ៌ទង់ជាតិ ប្រទេសអ៊ុយក្រែន នៅលើទ្រូងរបស់នាង ដោយមានពាក្យថា «ឈប់រំលោភយើង»។ នេះបើតាមទូរទស្សន៍ CNN។

ពាក់ព័ន្ធបញ្ហានេះ អ្នកតំណាងនៃមហោស្រពភាពយន្តទីក្រុងកាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Insider នោះទេ៕