(បរទេស)៖ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយថាក្រុមហ៊ុនកំពុងសម្លឹងមើលទីផ្សារថ្មីសម្រាប់បង្កើតរោងចក្រផលិតរថយន្តនៅឆ្នាំនេះ។ តាមការលើកឡើងរបស់ Musk ហាក់កំពុងចាប់អារម្មណ៍ទីផ្សារឥណ្ឌា ខណៈដែលក្រុមហ៊ុនយក្សលោកខាងលិចជាច្រើនកំពុងសម្រុកទៅទីផ្សារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនច្រើនជាងគេបង្អស់បន្ទាប់ពីចិន ដែលមានចំនួនប្រជាជនច្រើនជាង ១.៤ពាន់លាននាក់ ដោយក្នុងនោះគិតតែចំពោះឧស្សាហកម្មផលិតរថយន្ត ទីផ្សារឥណ្ឌាបានក្លាយជាប្រទេសដែលលក់ឡានច្រើនជាងគេបំផុតលើពិភពលោក និងឈរនៅលេខរៀងទី៣ ក្នុងឆ្នាំ២០២២ បន្ទាប់ពីចិន និងអាមេរិក។ ជាលទ្ធផលនេះបានធ្វើឱ្យក្រុមហ៊ុនលោកខាងលិចជាច្រើន បានទៅបង្កើតរោងចក្រផលិត និងលក់នៅទីនោះ។

យ៉ាងណាមិញក្រុមហ៊ុន Tesla ទំនងក៏មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែរ ក្នុងគោលបំណងទៅបង្កើតរោងចក្រនៅទីផ្សានេះ។ តាមការចោទសួរបស់លោក Thorold Barker ពីកាសែត Wall Street ទៅកាន់ Musk ទាក់ទងនឹងទីផ្សារឥណ្ឌាលោក Musk បានបង្ហើបថាលោក «ពិតជាចាប់អារម្មណ៍» ទីតាំងនេះ។ ជាក់ស្តែងតាមរយៈរបាយការណ៍កន្លងមក Tesla ទំនងជាអាចនឹងទៅដល់ទីផ្សារឥណ្ឌាឆាប់ៗខាងមុខនេះ ដោយកាលពីសប្តាហ៍មុន Tesla បានចាប់ផ្តើមកិច្ចចរចារទីផ្សារឥណ្ឌាឡើងវិញជាមួយនឹងសំណើរបង្កើតរោងចក្រក្នុងប្រទេសឥណ្ឌាដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់លក់ និងនាំចេញក្នុងស្រុក។

គួរជម្រាបដែរថា របាយការណ៍ឥណ្ឌាឆ្នាំ២០២២ បង្ហាញថា ឥណ្ឌាបានធ្វើការវ៉ាដាច់ជប៉ុន ក្លាយជាអ្នកលក់ឡានមានចំនួនច្រើនជាងគេ ទាំងក្នុង-ក្រៅស្រុក ដែលបានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចិន និងអាមេរិក ដោយបានលក់ឡានអស់ចំនួន ៤.១៣លានគ្រឿងគិតចាប់ដើមខែមករារហូតដល់ចុងខែវិច្ឆកា ឆ្នាំ២០២២ ៕