(ភ្នំពេញ)៖ ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលជាអ្នកអភិវឌ្ឍលើគម្រោងនៃទីក្រុងឆ្នេរសមុទ្រដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ថ្មីៗនេះ បានបង្ហាញការអភិវឌ្ឍរបស់ខ្លួន ដែលមានផ្ទៃដី ៩៣៤ហិកតា លើគម្រោង Bay of Lights ក្នុងកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ ២០២៣ (AIM) នៅទីក្រុង អាប៊ូ ដាប៊ី។

ជាក់ស្តែង នេះគឺជាលើកទីមួយហើយ ដែលគម្រោងនៅកម្ពុជាត្រូវបានអញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាព ដែលបានពង្រឹងបន្ថែមទៅនឹងជំហររឹងមាំរបស់ក្រុមហ៊ុនខានូពី ស៊ែន ឌីវេឡុបម៉ិន ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ។

ក្នុងនោះកិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ ២០២៣ (AIM) គឺជាវេទិកាសកលដែលទាក់ទាញអ្នកចូលរួមជាង ១០,០០០ នាក់ រួមទាំងអ្នកវិនិយោគល្បីៗ ក៏ដូចជាអ្នកជំនាញផ្នែកធុរកិច្ចមកពី ១៧៥ ប្រទេស ព្រមទាំងការពិព័រណ៍ជាង ៥០០ កន្លែង។ ការអញ្ជើញរបស់ ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ទៅកាន់មហាសន្និបាតនេះ បានបញ្ជាក់ពីជំហររឹងមាំរបស់ក្រុមហ៊ុនក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យតែម្តង។

នៅក្នុងមហាសន្និបាតនោះ ប្រតិភូមកពីជុំវិញពិភពលោកបានបង្ហាញពីវិសាលភាពទូទៅនៃឱកាសវិនិយោគ ផ្តោតជាពិសេសទៅលើគម្រោង Bay of Lights តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានគូសបញ្ជាក់ថា នេះគឺជាឱកាសដ៏សំខាន់សម្រាប់អ្នកវិនិយោគអន្តរជាតិ ដែលចង់ចូលរួមក្នុងកំណែទម្រង់ហិរញ្ញវត្ថុអាស៊ី និងពិភពលោក។

ប្រទេសកម្ពុជាដែលជាបេះដូងនៃអាស៊ីអាគ្នេយ៍ និងជាចំណុចកណ្តាលនៃត្រីកោណមាសរវាងប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី បានបង្ហាញនូវវិសាលភាពផ្នែកសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស សម្រាប់អ្នកវិនិយោគ។ គម្រោង Bay of Lights ត្រូវបានកំណត់ថាជាតំបន់ពិសេស ដែលគ្របដណ្តប់លើវិស័យទេសចរណ៍ អចលនទ្រព្យ និងវិស័យសំខាន់ៗជាច្រើនទៀត ដែលកំពុងតែត្រៀមខ្លួនក្លាយជាគោលដៅវិនិយោគបន្ទាប់ នៅឥណ្ឌូចិនសម្រាប់ទសវត្សរ៍នាពេលខាងមុខនេះ។

ក្នុងព្រឹត្តិការណ៍នោះក្រុមការងារ ខានូពី ស៊ែន ឌីវេឡុបម៉ិន មានឱកាសចូលរួមជាមួយលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត និងជាហត្ថលេខីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) រវាងកម្ពុជា និងអារ៉ាប់រួមទៀតផង។

ក្រៅពីនេះទៅទៀត លោកបណ្ឌិត Thani ដែលស្ថិតក្នុងចំណោមឥស្សរជនជាច្រើនមកពីអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក (EMEA) ដែលបានមកទស្សនាស្តង់ផ្សព្វផ្សាយរបស់ប្រទេស Cambodia និង Bay of Lights ដើម្បីស្វែងយល់ឱកាសវិនិយោគបន្ថែមទៀត។ លើសពីនេះមហាសន្និបាត AIM ក៏បានបង្ហាញការចូលរួមបន្ថែមទៀតរបស់ក្រុមការងារជាមួយអាជ្ញាធរវិនិយោគរបស់ Abu Dhabi (ADIA) និង Abu Dhabi Global Markets (ADGM) ដែលជាស្ថាប័នឈានមុខគេនៃការគ្រប់គ្រងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងការគ្រប់គ្រងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ក្នុងនោះលោក Edward Lee តំណាងជាន់ខ្ពស់របស់គម្រោង Bay of Lights បាននិយាយថា «គម្រោង Bay of Lights នឹងផ្តល់ឱកាសពិសេសមួយ សម្រាប់អ្នកវិនិយោគអន្តរជាតិ ក្នុងការចូលទៅក្នុងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់អាស៊ី ក្នុងគោលបំណងប្រមូលផ្តុំសេដ្ឋកិច្ចជុំវិញពិភពលោកនៅក្នុងច្រកផ្លូវហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព»។ លោកបានបញ្ជាក់បន្ថែមទៀតថា គម្រោងនេះបានឈរនៅជួរមុខនៃការបន្តការអនុវត្តបរិស្ថាន សង្គម និងអភិបាលកិច្ចល្អបំផុត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ចំពោះការរីកចម្រើនប្រកបដោយចីរភាព និងការទទួលខុសត្រូវ។

គម្រោង Bay of Lights គឺជាបេសកកម្មដ៏សំខាន់មួយ របស់ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ដែលជាជំហានដ៏សំខាន់មួយ សម្រាប់ទាក់ទាញលំហូរមូលធនពិភពលោក និងជាស្ថាប័នហិរញ្ញវត្ថុពិភពលោកមកកម្ពុជា។ លើសពីនេះទៅទៀត មហាសន្និបាត AIM ជាការចាប់ផ្តើមនៃកម្មវិធីបង្ហាញផ្លូវ ដែលបានគ្រោងទុកជាបន្តបន្ទាប់ ដែលការទាក់ទាញពីអ្នកវិនិយោគអន្តរជាតិ អាចត្រួសត្រាយផ្លូវសម្រាប់ ប្រទេសកម្ពុជាដើម្បីរីកចម្រើន ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បន្ទាប់សម្រាប់អាស៊ីអាគ្នេយ៍៕