(ភ្នំពេញ)៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីបង្កើតកម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារជួបការលំបាក ក្រោមការគ្រប់គ្រងរបស់អង្គការ CCF។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងលោក ស្កុត នីសិន ស្ថាបនិកអង្គការ និងនាយកប្រតិបត្តិអង្គការ CCF កាលពីពេលថ្មីៗកន្លងទៅនេះ នៅមជ្ឈមណ្ឌលសិក្សា CFF ស្ថិតនៅអតីតតំបន់គំនរសំរាម ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កុមារជួបការលំបាក តាមរយៈការបង្កើនសមត្ថភាព ចំណេះដឹង និងការអភិវឌ្ឍផ្នែកអប់រំ។ ក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ គំនិតផ្ដួចផ្ដើមមួយចំនួនត្រូវបានព្រមព្រៀងដូចជា៖

* ឱកាសការងារ និងឱកាសហាត់ការ៖ ABA នឹងផ្ដល់ឱកាសការងារ និងឱកាសហាត់ការដល់សិស្ស និស្សិតពី CCF ដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយមានបំណងចង់បម្រើការងារជាមួយធនាគារ និងកសាងអាជីពការងារ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

* អាហារូបករណ៍៖ ABA នឹងផ្ដល់អាហារូបករណ៍ជូនកុមាររបស់អង្គការ CCF ដែលមានសមត្ថភាព និងឆន្ទៈក្នុងការរៀនសូត្រ ហើយបានបញ្ចប់ការសិក្សាថ្នាក់ទី១២ និងមានបំណងបន្ដការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្នុងប្រទេស។

* ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ហេដ្ឋារចនាសម្ពន្ធសាលារៀន៖ ABA នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីកែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន ដូចជាថ្នាក់បឋមសិក្សា និងមធ្យមសិក្សា រួមទាំងថ្នាក់មត្តេយ្យសិក្សារបស់អង្គការ CCF។

* កិច្ចសហការផ្សព្វផ្សាយឆ្លងស្ថាប័ន៖ ABA និងអង្គការ CCF នឹងសហការគ្នាដើម្បីផ្សព្វផ្សាយ និងបង្កើនយល់ដឹងរបស់អតិថិជន ABA អំពីគុណតម្លៃស្នូល គោលដៅ និងបេសកកម្មរបស់ CCF។ សកម្មភាពទាំងនេះ នឹងលើកទឹកចិត្តអតិថិជន ឲ្យចូលរួមចំណែក និងបរិច្ចាគជូនអង្គការ ដែលនឹងទ្រទ្រង់ដល់ជីវភាពរបស់កុមារជួបការខ្វះខាត។

* កម្មវិធីស្ម័គ្រចិត្ត៖ ABA និងអង្គការ CCF នឹងបង្កើតកម្មវិធីស្ម័គ្រចិត្តដើម្បីឲ្យបុគ្គលិក ABA គ្រប់ជាន់ថ្នាក់ និងគ្រប់នាយកដ្ឋាន បានចុះទៅមើលបរិក្ខារ CCF ដើម្បីចែករំលែកជំនាញវិជ្ជាជីវៈរបស់ខ្លួន និងផ្ដល់នូវការបស្វែងយល់បន្ថែមអំពីកុមារ និងរបៀបរបបរស់នៅរបស់ពួកគេ។

លើកឡើងនាឱកាសនោះលោក Askhat Azhikhanov បានឱ្យដឹងថា នេះគឺជាកិច្ចសហការជាដៃគូដ៏ថ្មីសន្លាងមួយដែលនឹងមានឥទ្ធិពលរួមចំណែកកែប្រែជោគវាសនារបស់កុមារ ដោយផ្តល់ឲ្យពួកគេនូវលទ្ធភាពទទួលបានការអប់រំ ឱកាសការងារ និងលទ្ធភាពចាកផុតពីជីវភាពក្រីក្រ។ យើងប្តេជ្ញាសហការជាមួយអង្គការ CCF ដើម្បីរួមចំណែកកែប្រែជីវភាពរបស់សិស្សានុសិស្ស និងគ្រួសាររបស់ពួកគេដែលកំពុងស្ថិតក្នុងស្ថានភាពខ្វះខាត។ ភាពជាដៃគូនេះជាការគាំទ្រលើសពីការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ពោល វាគឺជាការវិនិយោគដែលរួមចំណែកដល់ការកសាងអនាគតរបស់ប្រទេសកម្ពុជាទាំងមូល។

CCF គឺជាអង្គការមិនរកប្រាក់កម្រៃ ដែលបានចាប់ផ្ដើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់កុមារ និងគ្រួសារ តាមរយៈការអប់រំ ការថែទាំសុខភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។ អង្គការ CCF បានបង្កើតសាលារៀន, មត្តេយ្យសិក្សា, ទារកដ្ឋាន, គ្លីនិកវេជ្ជសាស្ត្រ, គ្លីនិកធ្មេញ និងមជ្ឈមណ្ឌលថែទាំមាតា។ បន្ថែមលើនេះទៀត អង្គការ CCF បានសាងសង់ផ្ទះជាង 500 ខ្នងនៅក្នុងសហគមន៍ក្រីក្របំផុតផងដែរ។

លោក ស្កុត នីសិន បានឱ្យដឹងដែរថា យើងមានសេចក្ដីសោមនស្សចំពោះការគាំទ្ររបស់ធនាគារ ABA។ ភាពជាដៃគូនេះ នឹងផ្ដល់លទ្ធភាពឲ្យយើងជួយកុមារ និងគ្រួសារកាន់តែច្រើនបន្ថែមទៀត។ យើងប្ដេជ្ញាធ្វើយ៉ាងណាឲ្យស្ថានភាពរស់នៅរបស់កុមារកម្ពុជា កាន់តែប្រសើរឡើង ហើយយើងជឿថាភាពជាដៃគូនេះ កំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវបំផុត។

សូមជម្រាបថា លោក ស្កុត នីសិន មានអាជីពជាផលិតករហូលីវូដមួយរូប ប៉ុន្ដែក្នុងអំឡុងពេលមកលេងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០០៣ លោកបានឃើញពីទុក្ខលំបាករបស់ក្មេងៗមួយចំនួន។ ភាពអំណត់អត់ធន់ និងការតស៊ូព្យាយាមរបស់ក្មេងៗទាំងនោះ បានបំផុសគំនិតឲ្យលោកចាប់ផ្ដើមបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់កុមារកម្ពុជា។ ការលះបង់របស់លោក ស្កុត ក៏ដូចជាធនធានរបស់លោក ធ្វើឲ្យអង្គការមូលនិធិកុមារ លេចចេញជារូបរាងដោយផ្ដល់ឲ្យកុមារនូវការអប់រំ, ការថែទាំសុខភាព និងការគាំទ្រផ្សេងៗ។

ភាពជាដៃគូរវាងធនាគារ ABA និងអង្គការ CCF គឺជាគំរូដ៏មានឥទ្ធិពលមួយ ដែលឆ្លុះបញ្ចាំងពីកិច្ចការដែលអាចសម្រេចទៅបាន នៅពេលដែលស្ថាប័នឯកជន និងស្ថាប័នមិនរកប្រាក់កម្រៃ ធ្វើការរួមគ្នា ដើម្បីបង្កើតភាពរីកចម្រើននៅតាមសហគមន៍។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរ សហការគ្នាជួយដល់កុមារ ដើម្បីធានាថា កុមារគ្រប់រូបនៅក្នុងសហគមន៍ មានឱកាសអភិវឌ្ឍសក្ដានុពលរបស់ខ្លួនបានពេញលេញ៕