(ភ្នំពេញ)៖ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា កម្រិតអាយុ U-23 បានស្ថិតក្នុងពូល J នៃការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2024 (Qualification), ដែលវគ្គជម្រុះនេះនឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈជុំផ្តាច់ព្រ័ត្រធ្វើនៅប្រទេសកាតា ដែលមាន ១៦ក្រុមចូលរួម។

ស្ថិតក្នុងពូល J នេះផងដែរ ក្រុមជម្រើសជាតិកម្ពុជា U23 នៅជាមួយក្រុម អារ៉ាប៊ីសាអូឌីត, លីបង់ និងក្រុមម៉ុងហ្គោលី ដែលការប្រកួតត្រូវយកក្រុមកំពូលតារាង ១១ក្រុម និងក្រុមលេខ២ ល្អចំនួន ៤ឡើងទៅជុំផ្តាច់ព្រ័ត្រ នៅប្រទេសកាតា។

បញ្ជាក់ផងថា កាលវិភាគការប្រកួតវគ្គជម្រុះ គ្រោងធ្វើឡើងនៅចាប់ពីថ្ងៃទី០៤-១២ ខែកញ្ញា ឆ្នាំ២០២៣ ដែលបែងចែកជា ១១ពូល និងមាន ៤៣ប្រទេសចូលរួម ខណៈក្រុមកម្ពុជា ក៏មានជំនួបមិត្តភាពជាមួយក្រុមបង់ក្លាដែស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា និងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤៕