(សៀមរាប)៖ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាសនៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យមានដូចជាសារុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូលចំនួន២០ឈុត ដែលប្រជាពលរដ្ឋចំនួន១១គ្រួសារ យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។

សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូលដែលប្រជាពលរដ្ឋបានប្រគល់ជូនមានព័ណ៌ចម្រុះ ត្បាញដោយដៃ មានអាយុកាលខ្លះចន្លោះពី៥០ឆ្នាំ ៤០ឆ្នាំ ឬ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុកបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ដោយមានក្បាច់រចនាផ្សេងៗយ៉ាងស្រស់ស្អាត ដូចជា ក្បាច់គោមក្រឡាការ៉ូ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាចន្ទន៍ ក្បាច់គោមខ្សែពីរជាន់ក្នុងកូនគោម ក្បាច់គោមខ្សែគ្រាប់តាន់ អាវផាមួងគុណសាច់ហូលជាយ អាវផាមួងគុណសាច់ហូលជាយបិទប៉ាក់ផ្កាខាងមុខ ក្បាច់គោមកូនហ៊ីងខ្សែ ក្បាច់គោមក្រឡាសំណាញ់គោមកូនហង្ស ក្បាច់គោមសំបុកពីងពាង ក្បាច់គោមខ្សែថ្នក់ ក្បាច់គោមកន្ទេសឡង់ ក្បាច់ក្តឹបកន្ទឹមនិងក្ងោកទម្លាក់កន្ទុយ ក្បាច់គោមខ្សែថ្នក់ កូនគោមក្នុងគោម ក្បាច់គោមខ្សែរថ្នក់ក្នុងគោមផ្កាយព្រឹក និងក្បាច់គោមត្បួងពេជ្រ។ ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទទួលយកមកថែរក្សាបន្ត ដើម្បីទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា និងសិក្សាស្វែងយល់។

អ៊ំស្រី លី ណៃស្រ៊ីម អាយុ៧៥ឆ្នាំ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិទួលលលក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថា ជាច្រើនជំនាន់មកហើយគ្រួសារអ៊ំស្រីជាអ្នកតម្បាញហូលផាមួង អ៊ំស្រីបានចេះត្បាញហូលផាមួងតាំងពីអាយុ១៤ឆ្នាំមក។ ដោយចេះត្បាញបន្តពីម្តាយនិងជីដូន ពោលគឺតាំងពីជំនាន់លន់ណុលមកម្ល៉េះ។

សំពត់ហូល ដែលអ៊ំស្រីប្រគល់ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី យកទៅរក្សាទុក ជាហូលក្បាច់គោមបាត់ដំបង ដោយអ៊ំស្រីជាអ្នកត្បាញដោយផ្ទាល់ដៃ និងបានថែរក្សាទុកតាំងសម័យប៉ុលពត ដោយលាក់ទុកនៅក្នុងខ្នើយកើយ និងបន្តថែរក្សាមកដល់បច្ចុប្បន្ន មានអាយុកាល៥២ឆ្នាំមកហើយ គឺនៅសេសសល់តែមួយក្បិននេះប៉ុណ្ណោះ។

ដោយយល់ថា សំពត់ហូលមួយក្បិននេះជាស្នាដៃដំបូងដែលអ៊ំស្រីត្បាញដោយក្តីស្រឡាញ់ជាខ្លាំង និងពេញចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ក្នុងគោលបំណងថែរក្សាទុកកេរដំណែលដល់កូនចៅជំនាន់ក្រោយបានឃើញ សំពត់ហូលដែលជាស្នាដៃត្បាញកូនខ្មែរពិតប្រាកដ។

អ៊ំស្រីបន្តថា សំពត់ហូលមួយក្បិននេះបានជ្រលក់ព័ណ៌ចំនួន៣ទឹក ប្រើប្រាស់ល័ក្ខខ្មែរពីសម័យដើមសុទ្ធសាធ មានគុណភាពល្អ និងមានភាពស្រស់ស្អាត។

សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨៖៣០នាទី ដល់ម៉ោង៤ល្ងាច៕