(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់ Manchester United បានសម្រេចបំណងក្នុងការឈ្នះកៅអី១ ដើម្បីលេងពានអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០២៣-២០២៤ ស្របពេលជើងខ្លាំង ហង្សក្រហម Liverpool អវត្តមានទៅវិញ។

តាមរយៈជ័យជម្នះ ៤ទល់នឹង១ ទៅលើគូប្រជែងតោខៀវ Chelsea ក្នុងកីឡដ្ឋាន Old Trafford នៃសប្តាហ៍ទី៣៧ ជើងទី២ នាយប់មិញនេះ បានធ្វើឲ្យក្រុមបិសាចក្រហម Man Utd បញ្ចប់ក្នុងតំបន់ Top-4 ក្នុងតំណែងលេខ៣ ជាមួយនឹង ៧២ពិន្ទុ ស្របពេល Liverpool អតីតជើងឯក Premier League កាលឆ្នាំ២០២០ នោះ ឈរនៅលេខរៀងទី៥ ជាមួយនឹង៦៦ពិន្ទុ ក្នុងតំបន់កៅអីលេងពានលំដាប់ទី២ នៃវគ្គចែកពូល UEFA Europa League ដ្បិតនៅសល់ ១ប្រកួតដូចគ្នាមុនពេលបិទរដូវកាលនេះដ៏ពេញលេញ។

ក្នុងប្រកួតទល់នឹងក្រុមកំពុងធ្លាក់ទម្រង់លេងខ្លាំង Chelsea កីឡាករ Casemiro, Martial, Bruno Fernandes និង Marcus Rashford សុទ្ធតែរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នា នៅមុនពេលខ្សែប្រយុទ្ធ Joao Felix ដែលតោខៀវខ្ចីជើងពី Atletico Madrid ជាអ្នករកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវចុងម៉ោង មុនត្រឡប់ទៅផ្ទះវិញ និងបន្តឈរនៅលេខ១២ ជាមួយនឹង ៤៣ពិន្ទុដដែល។

គួរបញ្ជាក់ផងថា គិតត្រឹមពេលនេះ ៤កៅអីសម្រាប់លេងវគ្គចែកពូលដោយស្វ័យប្រវត្តិនៅពាន UEFA Champions League រដូវកាលក្រោយត្រូវបានរកឃើញអស់ហើយរួមមាន Manchester City ដែលជាជើងឯក Premier League ២០២២-២០២៣ Arsenal, Manchester United និងសារិកាព្រៃ Newcastle United៕