(តូក្យូ)៖ ខ្សែបម្រើជើងចាស់ Andres Iniesta បានចេញទឹកភ្នែករលីងរលោង នៅពេលថ្លែងក្នុងសន្និសីទចាកចេញពីក្លិប Vissel Kobe ដែលលេងក្នុងលីគកំពូលជប៉ុន Japan-J League។

ថ្លែងក្នុងសន្និសីទនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដែលត្រូវបានដកស្រង់ចេញផ្សាយគេហទំព័រកីឡា BBC បានឲ្យដឹងថា «ខ្ញុំចង់បញ្ចប់ពេលវេលានៅទីនេះ ហើយរកអ្វីដែលថ្មីតាមដែលអាចធ្វើទៅបានសម្រាប់ខ្ញុំ។ ខ្ញុំនៅតែបន្តលេងទៀតរហូតដល់ថ្ងៃចូលនិវត្តន៍។ ការចាកចេញពីទីនេះ វាជារឿងដ៏លំបាកធ្វើខ្លាំងណាស់ចំពោះខ្ញុំ»

កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ៣៩ឆ្នាំខាងលើនេះបានបន្តថា កន្លងមកលោកធ្លាប់បានប្រលយថា ចង់បញ្ចប់អាជីពបាល់ទាត់នៅជប៉ុន ក៏ប៉ុន្តែពេលវេលាមិនស័ក្តិសមសម្រាប់រូបលោកឡើយ។

Iniesta នឹងលេង ១ប្រកួតចុងក្រោយក្នុងក្លិប Vissel Kobe នាថ្ងៃទី០១ ខែកក្កដា ពាក់កណ្តាលផ្លូវនៃក្របខណ្ឌ J-League រដូវកាលនេះ ដោយរួមរស់បានរយៈពេល ៥ឆ្នាំ ក្រោយពេលចាកចេញពីក្លិបក្នុងស្រុក FC Barcelona ជាទីដែលលោកបានចំណាយពេល ២២ឆ្នាំនៅទឹកដី Camp Nou។

ខ្សែបម្រើជំនាញបញ្ជូនបាល់ខ្លីៗនៃទម្រង់លេង Tiki Taka នោះ ត្រូវបានគេចាត់ទុកថា ជាកីឡាករជោគជ័យ ១រូបទាំងក្នុងក្លិប និងជម្រើសជាតិ ដែលបានឈ្នះពាន Euro និង World Cup ជាមួយគោជល់អេស្ប៉ាញ រួមទាំងពានសរុបមានដល់ទៅ ៣២ពាន ពីការបង្ហាញខ្លួនបាន ៦៧៤ប្រកួតក្នុងឈុតធំ Barcelona៕