(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកម្មវិធី «ការពារបញ្ចប់បរិមាធិប្បាយថ្នាក់បណ្ឌិត (Final Defense of PhD Dissertation)» ជំនាន់ទី១ ទី២ និងទី៣ ចំនួន៤រូប ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ក្នុងនោះក៏មានការចូលរួមពី លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត ចូលរួមប្រមាណ៨០០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរ ចំពោះបេក្ខជនបណ្ឌិត ទាំង៤រូប ដែលបានខិតខំប្រឹងប្រែង សិក្សាស្រាវជ្រាវបានចប់រួចរាល់ ស្របតាមគោលការណ៍ របស់សាកលវិទ្យាល័យទាំងការសិក្សា និងការស្រាវជ្រាវ គឺមិនឲ្យលើសពី៥ឆ្នាំ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណ ដល់សាស្ត្រាចារ្យណែនាំទាំងជាតិ-អន្តរជាតិ ដែលបានដឹកនាំកិច្ចការស្រាវជ្រាវនេះ តាំងពីដើមរហូតមក និងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យ គឺសាស្ត្រាចារ្យណែនាំមួយរូប អាចដឹកនាំ បេក្ខជនបណ្ឌិត បានតែ២រូប។ លោកបានបន្ថែមទៀតថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះ ទទួលបានជោគជ័យ សាកលវិទ្យាល័យបានអញ្ជើញសាស្រ្តាចារ្យបណ្ឌិត ជាតិ-អន្តរជាតិ ចំនួន៧រូប ជាគណៈកម្មការវាយតម្លៃ ការការពារបញ្ចប់នាពេលនេះ។

លោកបណ្ឌិត លី ឆេង បានបន្ថែមថា ដើម្បីបញ្ចប់ថ្នាក់បណ្ឌិតជាប់ជាស្ថាពរ និស្សិតទាំងអស់ត្រូវ៖
*ទី១៖ សិក្សា១២មុខវិជ្ជា (12 Subjects) ស្មើនឹង ៣៦ក្រេឌីត
*ទី២៖ ស្នើសុំការឯកភាពលើ សាស្ត្រាចារ្យណែនាំ និងប្រធានបទដែលត្រូវសិក្សាស្រាវជ្រាវ
*ទី៣៖ រៀបចំ និងការពារគម្រោងស្រាវជ្រាវ (Proposal Defense)
*ទី៤៖ ត្រូវបង្ហាញ និងការពារអំពីការរីកចម្រើន នៃការស្រាវជ្រាវ (Progressive Defense)
*ទី៥៖ ត្រូវសរសេរនិក្ខេបបទ ឲ្យបានយ៉ាងតិច៥ម៉ឺនពាក្យឡើងទៅ និងការពារបញ្ចប់ដោយជោគជ័យ (Final Defense of PhD Dissertation)
*ទី៦៖ ជាចុងក្រោយ ត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវ (Publication) របស់ខ្លួន។

ជាទីបញ្ចប់ លោកបណ្ឌិត បានអបអរសាទរ និងប្រកាសអំពីលទ្ធផល ជាប់ជាផ្លូវការលើការវាយតម្លៃការ ការពារបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជន បណ្ឌិតទាំង៤រូប ព្រមទាំងបានផ្តល់កិត្តិយសបំពាក់ Graduation Gown ទទួលស្គាល់បណ្ឌិតទាំង៤រូប ដែលជាប់ជាស្ថាពរ ចាប់ពីពេលនេះតទៅផងដែរ។

សូមជម្រាបជូនថា ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពអប់រំខ្ពស់ ក៏ដូចជាការការពារនិក្ខេបបទនេះ ទទួលបានជោគជ័យ សាកលវិទ្យាល័យ បានអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មការវាយតម្លៃការការពារបញ្ចប់ផ្សេងទៀត ដើម្បីចូលរួមវាយតម្លៃ និងផ្តល់មតិយោបល់ ក្នុងនោះរួមមាន៖ លោកបណ្ឌិត ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ដ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាគណៈកម្មការវាយតម្លៃ និងគណៈកម្មការ៦រូប ផ្សេងទៀត។

បេក្ខជនបណ្ឌិត ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ទាំង៤រូប រួមមាន៖

*១៖ បេក្ខជនបណ្ឌិត អយ លាងសេង៖ ប្រធានបទ «ទម្រង់នៃភាពជាអ្នកដឹកនាំ និងសមត្ថភាពការងាររបស់បុគ្គលិកនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ប្រទេសកម្ពុជា»
*២៖ បេក្ខជនបណ្ឌិត អ៊ិន ចាន់ឌី៖ ប្រធានបទ «តួនាទីថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងការកសាងមូលធនមនុស្ស ដើម្បីសម្រេចចក្ខុវិស័យជាតិឆ្នាំ២០៣០/២០៥០»
*៣៖ បេក្ខជនបណ្ឌិត ពូរ៉ូ ទីវ៉ារី៖ ប្រធានបទ «តួនាទី នៃកត្តាចិត្តសាស្ត្រវិជ្ជមាន នៅក្នុងសុខុមាលភាព របស់សិស្ស/និស្សិត៖ ករណីសិក្សានៅសាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា»
*៤៖ បេក្ខជនបណ្ឌិត លឹម សុធា៖ ប្រធានបទ «ផលជះនៃឥរិយាបថដឹកនាំរបស់នាយកសាលារៀន លើការបំពេញការងាររបស់គ្រូបង្រៀន»៕