(កូរ៉េ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ JTBC បានរាយការណ៍ដោយបញ្ជាក់ថា ប៉ូលីសបានឆ្មក់ចូលផ្ទះរបស់តារាសម្តែងកូរ៉េ Yoo Ah In និងបានបញ្ជាក់ជាថ្មី ពីភស្តុតាងនៃការប្រើប្រាស់សារធាតុញៀនជាច្រើន ត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Kbi Zoom។

យោងតាមរបាយការណ៍របស់ Yoo Ah In គឺលោកបានអះអាងថា អាសយដ្ឋានដែលបានចុះបញ្ជីឈ្មោះរបស់លោកនោះ គឺជាលំនៅដ្ឋានពិតប្រាកដដែលលោករស់នៅ ប៉ុន្តែក្រោយស៊ើបអង្កេត គឺគ្រាន់តែជាការក្លែងបន្លំប៉ុណ្ណោះ។ ក្រោយពីសមត្ថកិច្ចបញ្ជាក់ទីតាំងពិតប្រាកឡើងវិញហើយ ក៏បានឆ្មក់ចូលលំនៅដ្ឋាននោះ និងឈានទៅដល់ការរកឃើញភស្តុតាង ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនតែម្តង។ ជាលទ្ធផល ប៉ូលីសក៏បានពិចារណាពីលទ្ធភាពនៃការបំភ័ន្តភស្តុតាង និងស្នើសុំដីកាចាប់ខ្លួនតារាប្រុស Yoo Ah In បើទោះបីជាលោកជាជនសង្ស័យដំបូងក៏ដោយ។

គួរជម្រាបថា នៅថ្ងៃដែលប៉ូលីសចុះឆែកផ្ទះរបស់ Yoo Ah In គឺជាថ្ងៃដែលតារាប្រុសរូបនេះ បង្ហាញខ្លួននៅតុលាការ Seoul Central District ដើម្បីសាកសួរចម្លើយ និងត្រូវឃុំខ្លួនបណ្តោះអាសន្ន។ អំឡុងពេលឡើងតុលាការ លោកបានពាក់ឈុតខ្មៅ និងមិនបានឆ្លើយតបនឹងសំណួរពីអ្នកសារព័ត៌មានឡើយ៕