(បរទេស)៖ ភរិយារបស់តារាសម្តែង Bruce Willis គឺលោកស្រី Emma Heming Willis បាននិយាយដោយចំៗ អំពីជំងឺវង្វេងរបស់ស្វាមី ដែលបានប៉ះពាល់ដល់សមត្ថភាពនិយាយ និងទំនាក់ទំនងរបស់លោក ជាមួយមនុស្សជុំវិញខ្លួន។ លោកស្រីបានសង្កត់ធ្ងន់ទាំងអារម្មណ៍ក្តុកក្តួលថា អ្វីដែលសោកសៅនោះ គឺមិនមានអ្វីដែលអាចព្យាបាលស្វាមីបាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ភរិយារបស់តារាក្នុងរឿង «Sixth Sense» បាននិយាយថា «មិនមានការព្យាបាល» សម្រាប់ជំងឺរបស់ប្តីរបស់លោកស្រីទេ...។ ក្នុងវីដេអូបង្ហោះលើ Instagram តារាម៉ូដែលរូបនេះ បាននិយាយថា «ការពិតដ៏សោកសៅ គឺថាគ្មានថ្នាំព្យាបាលជំងឺ Alzheimer ឬជំងឺវង្វេងរបស់ស្វាមីខ្ញុំ»។ លោកស្រីនិយាយបែបនេះ គឺដោយសារតែជំងឺវង្វេងរបស់លោក Bruce Willi មិនមានថ្នាំព្យាបាល ដែលធ្វើឲ្យលោកមិនអាចនិយាយ និងប្រាស្រ័យទាក់ទង ជាមួយមនុស្សជុំវិញខ្លួនបាន បើនិយាយទៅគឺដូចមនុស្សរុក្ខជាតិអ៉ីចឹង ខណៈដែលក្នុងជីវិតរស់នៅប្រចាំថ្ងៃការប្រាស្រ័យទាក់ទង គឺពិតជាមានសារសំខាន់។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ គ្រួសាររបស់លោក Willis បានបង្ហាញថា ស្ថានភាពជំងឺរបស់លោកកាន់តែយ៉ាប់យ៉ឺនទៅៗ ហើយបានផ្លាស់ប្តូរទៅជាជំងឺវង្វេងផ្នែកខាងមុខ (FTD) ដែលរារាំងសមត្ថភាពក្នុងការនិយាយ និងទំនាក់ទំនងរបស់លោក។

គួរជម្រាបថា Willis ទទួលបានភាពល្បីល្បាញនៅអំឡុងឆ្នាំ១៩៨០ ដោយស្នាដៃរបស់លោក គឺកំប្លែងរឿង «Moonlighting» និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តប្រហែល១០០ទៀត ទូទាំងអាជីពរយៈពេល ៤ទសវត្សរ៍របស់លោក។ លោកត្រូវបានគេស្គាល់ច្រើន តាមរយៈការដើរតួប៉ូលិសក្រុងញូវយ៉ក John McClane ក្នុងរឿង «Die Hard» ដែលចេញពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០១៣។ តារារូបនេះក៏ជាម្ចាស់ពានរង្វាន់ «Golden Globe» និងពាន «Emmys» ចំនួនពីរផងដែរ៕