(មេនឆេស្ទឺ)៖ កីឡាករចាំទីជម្រើសទី៣ របស់ក្លិប Manchester City គឺ Scott Carson បានចុះហត្ថេលខាលើកិច្ចសន្យាថ្មី មានរយៈពេល១២ខែថែមទៀត។ នេះបើតាមក្លិបម្ចាស់ពានរង្វាន់ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Live Score នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

"ខ្ញុំរីករាយណាស់ ក្នុងការបន្តលេងនៅ City"។ នេះបើតាមសម្តី Carson បានលើកឡើង។ "ខ្ញុំស្រឡាញ់ការធ្វើការងារ ជាមួយលោក Pep និងកីឡាករដ៏អស្ចារ្យរបស់យើងជារៀងរាល់ថ្ងៃ"។

អតីតកីឡាករអន្តរជាតិអង់គ្លេស វ័យ ៣៧ឆ្នាំរូបនេះ បានបង្ហាញខ្លួនត្រឹមតែ ២លើកប៉ុណ្ណោះ ក្នុងក្រុមជម្រើសដំបូង ចាប់តាំងពីចូលរួមជាមួយ City ដែលដំបូងឡើយ លេងក្នុងលក្ខណៈខ្ចីជើង ក្នុងឆ្នាំ២០១៩ ប៉ុន្តែបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ នៃក្រុមរបស់អ្នកចាត់ការ Pep Guardiola នាពេលនេះ៕