(ប៉ារីស)៖ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានលើកឡើងនៅថ្ងៃសុក្រថា ក្រុងគ្រោងនឹងហាមឃាត់ថង់ប្លាស្ទិកដែលប្រើប្រាស់តែម្តង នៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា 2024 Olympic Games ដើម្បីជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយវិបត្តិបំពុលប្លាស្ទិកសកល។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

"យើងបានសម្រេចថា នឹងរៀបចំ Olympic Games ជាព្រឹត្តិការណ៍ធំដំបូង ដោយគ្មានថង់ប្លាស្ទិកប្រើប្រាស់តែម្តង"។ នេះបើតាមសម្តីលោកស្រី Hidalgo បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ នៅឯសន្និបាតនៃវេទិកាអន្តរជាតិ នៃអភិបាលក្រុងប្រឆាំងនឹងការបំពុលប្លាស្ទិក។

អ្នកទស្សនាចូលទៅកាន់ទីកន្លែងប្រកួត នៅក្នុងទីក្រុងរដ្ឋធានីរបស់បារាំង នឹងមិនអនុញ្ញាតឲ្យយកដបប្លាស្ទិកចូលឡើយ។

សូមជម្រាបថា បារាំង នឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក 2024 Olympic Games ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕