(សៀមរាប)៖ សិស្សានុសិស្សពីសាលាបឋមសិក្សាក្របីរៀល បានចុះទស្សនកិច្ចសិក្សាស្វែងយល់នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតក្នុងគម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា។

លោកគ្រូ គួន ឆៀង នៃសាលាបឋមសិក្សាក្របីរៀល ដែលដឹកនាំកូនសិស្សមកទស្សនកិច្ចនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយដែលគម្រោងបាននាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សាស្វែងយល់ពីបេតិកភណ្ឌនៅសារមន្ទីរ។ លោកបន្តថា សិស្សដែលមកពេលនេះសរុបប្រមាណជិត១០០នាក់ មានថ្នាក់ទី៥ និងទី៦។

ការមកឃើញផ្ទាល់នេះជួយឱ្យសិស្សានុសិស្សកាន់តែមានភាពច្បាស់លាស់ជាមួយតម្លៃបេតិកភណ្ឌ និងវត្ថុបុរាណជាច្រើនដែលតាំងបង្ហាញ និងបានរកឃើញនៅតាមការដ្ឋានកំណាយជុំវិញតំបន់រមណីយដ្ឋានអង្គរ។

លោកគ្រូ គួន ឆៀង យល់ថា កិច្ចការងារនេះមានសារសំខាន់ណាស់ ដើម្បីឱ្យសិស្សបានឃើញជាក់ស្ដែង ងាយស្រួលចាំ ហើយពេលត្រឡប់ទៅវិញ លោកនឹងមានសំណួរសម្រាប់កូនសិស្សបន្ថែម ជួយឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់៕