(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Hyundai Motor Group និង LG Energy Solution Ltd កំពុងរួមគ្នាពង្រីកវត្តមានកាន់តែខ្លាំងឡើងនៅប្រទេសលោកខាងលិច។ តាមរយៈរបាយការណ៍ថ្មីនេះបង្ហាញថា ក្រុមហ៊ុនកូរ៉េទាំងពីរនឹងបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនី ដែលមានតម្លៃប្រមាណ ៤.៣ពាន់លានដុល្លារឯណោះលើទឹកដីអាមេរិក ដែលមានសមត្ថភាពផលិតរហូតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

យោងតាមការឱ្យដឹងពីក្រុមហ៊ុន Hyundai និង LGES រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីនឹងត្រូវបានសាងសង់ឡើងក្នុងទីតាំងរដ្ឋ Georgia សហរដ្ឋអាមេរិកដែលជារដ្ឋមួយកំពុងទទួលបានការពេញនិយមជាខ្លាំងពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានបំណងទៅបោះទុនវិនិយោគនៅទីនោះ។ ដោយឡែកចំពោះពេលវេលាដំណើរការសាងសង់រោងចក្រវិញនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៣នេះ ខណៈគេរំពឹងថាអាចនឹងសាងសង់រួចរាល់អំឡុងឆ្នាំ២០២៥ និងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦ តែម្តង។

គួរជម្រាបដែរថា រោងចក្រថ្មីនេះនឹងមានសមត្ថភាពផលិតអាគុយរថយន្តអគ្គិសនីប្រចាំឆ្នាំបានដល់ទៅ ៣០ជីហ្គាវ៉ាត់ម៉ោង (GWh) និងអាចផ្គត់ផ្គង់ការផលិតជាកញ្ចប់អាគុយប្រហែល ៣០ម៉ឺនគ្រឿង។