(បរទេស)៖ យោងតាមសារព័ត៌មាន The Hollywood Reporter ប្រធានផលិត Lionsgate លោក Joe Drake បានបង្ហើបពីការផលិតភាពយន្ត «John Wick 5» បន្ទាប់ពីវគ្គ៤ ទទួលបានជោគជ័យខ្លាំង។ លោកបានបន្ថែមថា ស្ទូឌីយោបច្ចុប្បន្នកំពុងធ្វើការលើការបន្ថែមជាច្រើនទៅលើសិទ្ធិផ្តាច់មុខនៃភាពយន្តនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

លោក Jeo Drake បានបង្ហើបយ៉ាងដូច្នេះថា អ្វីដែលជាផ្លូវការនោះ គឺដូចដែលអ្នកដឹងហើយថា Ballerina គឺជាការវិលជុំដំបូងដែលនឹងចេញនៅឆ្នាំក្រោយ។ យើងកំពុងអភិវឌ្ឍលើបីផ្សេងទៀត រួមទាំង [John Wick] ប្រាំ និងរួមទាំងរឿងភាគទូរទស្សន៍ «The Continental» ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ»។ ទោះបីជាយ៉ាងណា ម្ចាស់ផលិតកម្មរូបនេះ មិនបានបញ្ជាក់បន្ថែមនោះទេ ពាក់ព័ន្ធរឿង «John Wick» ថានឹងមានដំណើររឿងយ៉ាងណានោះ។ ត្បិតកាលពីវគ្គ៤ តួអង្គសំខាន់ John Wick គឺបានស្លាប់ទៅហើយ ក៏មិនដែលទស្សនិកជនមួយចំនួន មានការសង្ស័យថា កាស្លាប់របស់ John Wick គឺក្លែងក្លាយ ឬយ៉ាងណា?

គួរជម្រាបថា ចេញផ្សាយកាលពីដើមឆ្នាំនេះ «John Wick: Chapter 4» បានបង្ហាញឱ្យឃើញពីភាពជោគជ័យដ៏ធំធេងផ្នែកប្រាក់ចំណូលរបស់ខ្លួន ដែលរកបានជាង៣៦៣លានដុល្លារ នៅទូទាំងពិភពលោក៕