(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន៣ឡូត៍ ជូនដល់អតិថិជនដែលមានពិការភាពម្នាក់ នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង១ម៉ឺនប័ណ្ណ ជូនអតិថិជននៅគម្រោងអភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែឧសភាម្សិលមិញ។

អតិថិជនដែលសំណាងនោះទទួលដី៣ឡូត៍នោះ មានឈ្មោះ សេន ស៊ីរ៉ែន អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងឃុំសំរោងក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង។ លោក ស៊ីរ៉ែន បានទិញដី៣ឡូតិ៍ខាងលើ នៅទីតាំងគម្រោង អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានបើកលក់ដំបូងក្នុងតម្លៃ ៨,៨៥០ដុល្លារ ហើយលោកត្រូវបានក្រុមហ៊ុនអញ្ជើញមកយកប្លង់ម្សិលមិញនេះ។

ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឃើញមានការអាណិតស្រលាញ់ និងចង់មានអនុស្សាវរីយ៍ផងនោះ អ្នកឧកញ៉ាក៏បានជូនដីដែល លោកបានទិញនោះ ដោយឲ្យក្រុមការងារជូនប្រាក់ទៅលោក សេន ស៊ីរ៉ែន វិញទាំងអស់។ កាយវិកាយដ៏សប្បុរសរបស់អ្នកឧកញ៉ា បានធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំង ពីអតិថិជនដែលបានចូលរួម។

ក្រោយទទួលការប្រកាសជូនដីចំនួន៣ឡូតិ៍ ពីអ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា ភ្លាមលោក សេន ស៊ីរ៉ែន បានបង្ហាញទឹកចិត្តរីករាយត្រេកអរខ្លាំង។ លោក ស៊ីរ៉ែន បានសម្តែងនូវអារម្មណ៍ពិតថា លោកមិននឹកស្មានថា ខ្លួនត្រូវបានអ្នកឧកញ៉ាមានក្តីមេត្តាស្រឡាញ់សណ្ដោះប្រណីដល់លោក ហើយជូនបែបនេះឡើយ។ ក្នុងឱកាសនោះ លោក ស៊ីរ៉ែន សូមជូនពរជ័យក្រុមហ៊ុនទាំងមូល ពិសេស អ្នកឧកញ៉ា ឡេង ណ៉ាវ៉ាត្រា មានសុខភាពល្អរកស៊ីកាន់តែមានបានថែមទៀត។

សូមជម្រាបជូនថា គម្រោងអភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាខេត្តបាត់ដំបង មានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃ មួយថ្ងៃមានភ្ញៀវទេសចរទៅចូលទស្សនាកំសាន្តជាច្រើននាក់ រៀងរាល់ថ្ងៃ ដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ពិសេសនៅក្នុងខេត្តបាត់ដំបងផ្ទាល់តែម្តង។

គម្រោងរបស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃ ដែលធ្វើឲ្យអ្នកមានជីវភាពក្រោមមធ្យម និងមធ្យមមានឱកាសទិញបាននៅដី ក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឱកាសលក់ចេញចំណេញច្រើនទៀតផង៕