(បរទេស)៖ កម្មវិធីចែករំលែកវីដេអូអនឡាញរបស់អាមេរិក YouTube បានឱ្យដឹងនៅព្រឹកថ្ងៃសៅរិ៍សប្តាហ៍នេះថា មុខងារ Stories នៅលើភ្លេតហ្វមរបស់ខ្លួននឹងត្រូវលុបចោលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

មុខងារ Stories ត្រូវបាន YouTube បញ្ចេញឱ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៨ គិតមកទល់ពេលនេះមានរយៈពេលជាង ៤ឆ្នាំមកហើយ ដែលវាមានលក្ខណៈស្រដៀងទៅនឹង Snapchat និង Instagram Stories។ ខណៈមុខងារនេះត្រូវបានកំណត់រយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ វីដេអូ ឬ រូបភាព Stories នោះនឹងត្រូវបានលុបចោល។

យោងតាមការចេញផ្សាយពីប្រភពដដែលបានឱ្យដឹងថា YouTube នឹងលុបមុខងារ Stories ចោលនៅចុងខែក្រោយនេះ ហើយនឹងទុកពេលឱ្យ ៧ថ្ងៃបន្ទាប់ពីថ្ងៃកំណត់ទី២៦ ខែមិថុនា រាល់គណនីទាំងអស់នឹងលែងមាន Stories។

គួរជម្រាបដែរថា មុនឈានដល់ថ្ងៃប្រកាសលុបមុខងារ Stories កម្មវិធី YouTube បានបញ្ចេញមុខងារថ្មីពីរប្រភេទរួមមាន YouTube Shorts និង Community posts។ ដូច្នេះតាមការបង្ហោះចុងក្រោយនេះគេរំពឹងថា YouTube នឹងបញ្ចប់ការគាំទ្រ Stories ដើម្បីងាកទៅគាំទ្រមុខងារទាំងពីរប្រភេទនោះជំនួសវិញ៕