(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។

សមាសភាពចូលរួមក្នុងពិធីបើកការប្រកួតកីឡានេះ រួមមាន លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង១៨ក្រុម តំណាងអោយឃុំទាំង ១៨ នៃស្រុកខ្សាច់កណ្តាល។

កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នៅទីលានបាត់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ដោយមានក្រុមកីឡាចូលរួមប្រកួតចំនួន ១៨ ក្រុម និងមានកីឡាករសរុបចំនួន ៤៥០ នាក់ ដែលសុទ្ធសឹងជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកខ្សាច់កណ្ដាល។

ក្នុងឱកាសនៃពិធីបិទការប្រកួតកីឡាននេះ បណ្ឌិត កៅ ថាច បានលើកឡើងអំពីការយកចិត្តទុកដាក់ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញណែនាំដល់ក្រុមការងារ ឲ្យរៀបចំបង្កើតក្រុមកីឡាយុវជននៅក្នុងឃុំទាំង១៨ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួតដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាសសប្បាយរីករាយទៀតផង។

ទន្ទឹមគ្នានេះ បណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់បងប្អូនយុវជនចូលរួមលេងកីឡា ឲ្យបានកាន់តែផុលផុស និងឲ្យសកម្មជាងមុន។ ជាមួយគ្នានេះ, នៅឆ្នាំក្រោយ លោកបណ្ឌិត នឹងធ្វើការរៀបចំការប្រកួតកីឡានេះម្តងទៀត និងធ្វើទំនើបកម្មតារាងបាល់ទាត់នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ឲ្យកាន់តែប្រសើរជាងនេះ។

លោកបានរំលឹកប្រវត្តិអំពីវិស័យកីឡានៅកម្ពុជា ដែលមានជាយូរលង់មកហើយ ដោយមានប្រភេទកីឡាជាច្រើន ដូចជាគុនខ្មែរ ល្បុក្កតោ ជាដើម។ល។ ហើយបានធ្វើការអភិវឌ្ឍ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ លើកលែងតែក្នុងសម័យប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាងនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យកីឡា ដែលបានធ្វើឲ្យកម្ពុជា ទទួលបាននូវកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកជាតិ-អន្តរជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ការកសាងធនធានមនុស្ស និងការធ្វើកំណែទម្រង់នៃការប្រកួត -ល-។ ដែលជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកសាងនូវសមិទ្ធផលដ៏ធំស្គឹមស្កៃ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺពហុកីឡដ្ឋានជាតិមរតកតេជោ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។

លោកក៏បានផ្សព្វផ្សាយអំពីលទ្ធផលជាប្រវត្តិសាស្ត្រដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ហើយកម្ពុជាបានបំបែកឯកត្តកម្ម ចំពោះលទ្ធផលនៃការប្រកួតកីឡា SEA Games ដោយទទួលបានមេដៃរហូតដល់២៨២។ លោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់យុវជន និងកីឡាករទាំងអស់ ចូលរួមតាមដាន និងទស្សនានូវព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏អស្ចារ្យ នៃការប្រកួតកីឡា ASEAN Para Games ឆ្នាំ២០២៣ ដែលត្រូវប្រកួតនៅថ្ងៃខាងមុខនេះ។

លោកបណ្ឌិតស្នើដល់ប្អូនៗ ក្មួយៗ និងសមាជិកបក្សទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាបន្តទៀត។

ជាមួយគ្នានេះ បណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជន នៃក្រុមការងារថ្នាក់កណ្តាល បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបត្ថម្ភក្នុងកម្មវិធី និងសមាជិកចូលរួម ដូចខាងក្រោម៖

១៖ ជ័យលាភីលេខ១ ក្រុមបាល់ទាត់យុវជនសង្កាត់ព្រែកអំពិល ថវិកា៦លានរៀល មេដៃមាស ២៥ គ្រឿង និងពានលេខ១ ចំនួន ១។
២៖ ជ័យលាភីលេខ២ ក្រុមបាល់ទាត់យុវជនសង្កាត់ព្រែកលួង ថវិកា៤លានរៀល មេដៃប្រាក់ ២៥ គ្រឿង។
៣៖ ជ័យលាភីលេខ៣ ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី ទទួលបានថវិកា ៣លានរៀល មេដៃសំរិទ្ធ ២៥គ្រឿង។
៤៖ ជ័យលាភីលេខ ៤ ក្រុមយុវជនឃុំវិហារសួគ៌ ទទួលបានថវិកា ១លានរៀល។
៥៖ ក្រុមបាល់ទាត់ដែរមិនបានទទួលចំណាត់ថ្នាក់ ទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀល៕