(ភ្នំពេញ)៖ គ្រឹះស្ថានហិរញ្ញវត្ថុចំនួនប្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រើប្រាស់គម្រោងជាមួយ ស៊ីប៊ីស៊ី លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅថ្ងៃទី ១៩ ឧសភា ២០២៣។

ស៊ីប៊ីស៊ី យល់ថាដើម្បីពង្រឹងប្រសិទ្ធភាពប្រតិបត្តិការនៃការវាយតម្លៃ និងការសម្រេចចិត្តលើឥណទាន មានភាពប្រសើរឡើង គឺត្រូវមាន វិធីសាស្រ្តក្នុងការវាយតម្លៃទ្រព្យធានាប្រកបដោយតម្លាភាព ដោយឈរលើមូលដ្ឋាន វិភាគទិន្ន័យច្បាស់លាស់។ ម្យ៉ាងវិញទៀត របៀបវាយតម្លៃ នោះត្រូវផ្លាស់ប្ដូរពីការវាយតម្លៃ ដោយចុះទៅ ទីតាំងផ្ទាល់មកជា ការវាយតម្លៃតាមបែបឌីជីថល។

ជាដំណោះស្រាយឌីជីថល ក្រុមហ៊ុន ស៊ីប៊ីស៊ី សហការជាមួយ ក្រុមហ៊ុន វីត្រាស់ អាព្រេសហ្សល អនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុសមាជិករបស់ខ្លួន ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលលើវិស័យអចលនទ្រព្យកម្ពុជា ក្នុងនោះ មានគ្រឹះស្ថានហិរញ្ញវត្ថុប្រាំបានចូលរួម ដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី, ធនាគារ ស្ថាបនា ភីអិលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់, និងធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក ។

ថ្នាក់ដឹកនាំទាំងអស់យល់ឃើញថា ការប្រើប្រាស់បច្ចេកវិទ្យាវាយតម្លៃនោះ នឹងជួយជំរុញ វិស័យអចលនទ្រព្យកម្ពុជាយ៉ាងសំបូរបែប ដែលជាឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអះអាងថា វិស័យអចលនទ្រព្យកម្ពុជាបានចូលរួមនៅក្នុងទំហំសេដ្ឋកិច្ចប្រមាណ ៥% ក្នុងនោះ ប្រទេសមានតម្រូវការលើវិស័យអចលនទ្រព្យកម្ពុជាគឺសហរដ្ឋអាមេរិក ២៥% សិង្ហបុរី ១០% បារាំង ១១% ជប៉ុន ១០% អង់គ្លេសអីតាលីនិងសហភាពអឺរ៉ុបប្រមាណ១៤% ។ ដោយឡែកប្រទេសដែលវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា ភាគច្រើនមកពីចិននិងកូរ៉េខាងត្បូង៕