(ឡុងដ៍)៖ ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំរដូវកាល នៃលីគកំពូលអង់គ្លេស Premier League (Premier League's Player of the Season) នៅថ្ងៃទី២៧ ខែឧសភានេះ បន្ទាប់ពីបានបំបែកកំណត់ត្រា ជាមួយនឹងការបង្ហាញខ្លួនក្នុងរដូវកាលដំបូង ដែលបានជួយឲ្យក្លិប Manchester City ដណ្តើមបានពានរង្វាន់លីគ ជាលើកទី៣ជាប់បន្តបន្ទាប់គ្នា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

មានវ័យ២២ឆ្នាំ Haaland ក៏បានជាប់ជាកីឡាករវ័យក្មេងល្អជាងគេបំផុត របស់លីគផងដែរ ធ្វើឲ្យលោកក្លាយជាកីឡាករដំបូង ដែលបានឈ្នះពានរង្វាន់ចំនួន២ ក្នុងរដូវកាលតែមួយ។

Haaland រកគ្រាប់បាល់បាន៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥លើក នៅរដូវកាលនេះ ដោយបានបំបែកកំណត់ត្រាចាស់ ដែលរកគ្រាប់បាល់បានត្រឹម៣៤គ្រាប់ប៉ុណ្ណោះ ក្នុងមួយរដូវកាល Premier League ដែលធ្វើបានបានដោយកីឡាករ Andy Cole និងកីឡាករ Alan Shearer ដែលជាប់កំណត់ត្រានេះ ជិត៣ទសវត្សរ៍។

កីឡាករសញ្ជាតន័រវេសរូបនេះ បានទទួលការបោះឆ្នោត ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាល ដោយសារធារណៈ។

​Haaland ក៏បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ របស់សមាគមអ្នកនិពន្ធបាល់ទាត់ផងដែរ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រ ចំនួន៨២ភាគរយ នៃការបោះឆ្នោតសរុប៕