(ភ្នំពេញ)៖ ឯកសិទ្ធិ ជាសិទ្ធិដែលទទួលបាននូវការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត។ ឯកសិទ្ធិលើអចលនវត្ថុ សំដៅលើសិទ្ធិលើបំណុលពាក់ព័ន្ធនឹងអចលនវត្ថុ ដែលត្រូវបានការពារដោយឯកសិទ្ធិ។

តើឯកសិទ្ធិលើអចលនវត្ថុកើតឡើងដោយសារមូលហេតុអ្វី ? ដើម្បីឱ្យឯកសិទ្ធិលើអចលនវត្ថុមានអានុភាព តើច្បាប់មានតម្រូវឱ្យធ្វើការបង្កើតដោយកិច្ចសន្យាដែរឬទេ?

ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ សប្ដាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី ឯកសិទ្ធិលើអចលនវត្ថុ មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់ ដូចតទៅ។

ឯកសិទិ្ធលើអចលនវត្ថុ ជាប្រភេទឯកសិទ្ធិពិសេស ដែលបានកើតឡើងដោយសារមូលហេតុណាមួយដូចជា (១) ការរក្សាទុកនូវអចលនវត្ថុ (២) ការងារលើអចលនវត្ថុ ឬ (៣) ការលក់អចលនវត្ថុ។ (១) ចំពោះការរក្សាទុកនូវអចលនវត្ថុ ឯកសិទ្ធិត្រូវបានទទួលស្គាល់ ដោយសារតម្លៃសោហ៊ុយនៃអចលនវត្ថុនោះត្រូវបានរក្សា រួមទាំងសោហ៊ុយចាំបាច់ដែលបានចេញដើម្បីផ្ដល់សច្ចានុមតិ ឬ អនុវត្តសិទ្ធិដែលទាក់ទងនឹងអចលនវត្ថុ។ (២) ចំពោះការងារលើអចលនវត្ថុ ក៏បានទទួលស្គាល់ដូចគ្នាទៅលើសោហ៊ុយចំណាយសម្រាប់ការងារដែលបានធ្វើលើអចលនវត្ថុនោះ ដោយសិប្បករ អ្នកបច្ចេកទេស និង អ្នកម៉ៅការ។ (៣) ចំពោះការលក់ទិញអចលនវត្ថុវិញ អ្នកលក់អចលនវត្ថុមានឯកសិទ្ធិលើអចលនវត្ថុដែលបានលក់នោះ ដោយសារអចលនវត្ថុ និងថ្លៃលក់នោះ មានទំនាក់ទំនងជាតម្លៃថ្នូរ ហេតុនេះហើយទើបឯកសិទ្ធិក៏បានទទួលស្គាល់សិទ្ធិជាម្ចាស់បំណុលសម្រាប់អ្នកលក់ចំពោះប្រាក់ថ្លៃលក់អចលនវត្ថុនោះ និងការប្រាក់ នៅពេលប្រតិបត្តិការបានកើតឡើង ប៉ុន្ដែអ្នកទិញពុំទាន់បានធ្វើការអនុវត្ដកាតព្វកិច្ចក្នុងការប្រគល់ប្រាក់។

ក្នុងករណីដែលមានឯកសិទ្ធិពិសេសប្រជែងគ្នាចំពោះអចលនវត្ថុតែមួយ លំដាប់អាទិភាព នៃឯកសិទ្ធិទាំងនោះ មិនត្រូវបានកំណត់តាមរយៈលំដាប់កាលបរិច្ឆេទនៃការចុះបញ្ជីអំពីឯកសិទ្ធិទេ ប៉ុន្តែត្រូវបានកំណត់តាមប្រភេទនៃឯកសិទ្ធិ ដោយយោងតាមសា្មរតីមាត្រា៧៩៩ នៃក្រមរដ្ឋប្បវេណី ការរក្សាទុកនូវអចលនវត្ថុ មានលំដាប់អាទិភាពទី១ ការងារលើអចលនវត្ថុមានលំដាប់អាទិភាពទី២ និង ការលក់អចលនវត្ថុមានលំដាប់ទី៣។ ហេតុដូច្នេះ ទោះបីជាឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុ បានកើតឡើងក្រោយឯកសិទ្ធិចំពោះការងារ ឬ ឯកសិទ្ធិចំពោះការលក់អចលនវត្ថុក៏ដោយ ក៏ឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុនោះ នឹងមានអាទិភាពជាងឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ និង ឯកសិទ្ធិចំពោះការលក់អចលនវត្ថុដែរ។

បន្ថែមពីនេះ ប្រសិនបើមានការលក់បន្ដបន្ទាប់ ចំពោះអចលនវត្ថុតែមួយ លំដាប់នៃសិទ្ធិអាទិភាពរបស់អ្នកលក់ទាំងនោះ ត្រូវគិតទៅតាមពេលវេលាមុន និងក្រោយនៃការលក់នោះ មានន័យថាឯកសិទ្ធិរបស់អ្នកលក់ទី ១ នឹងមានអាទិភាព ជាងឯកសិទ្ធិរបស់អ្នកលក់ទី ២។ ឧទាហរណ៍ លោក ក បានលក់ផ្ទះមួយកន្លែងជូន លោក ខ មិនទាន់បានបង់ប្រាក់ជូនលោក ក ប៉ុន្ដែបន្ទាប់មក លោក ខ ក៏បានលក់ផ្ទះនោះបន្ដទៅឱ្យលោក គ ហើយលោក គ នោះក៏មិនទាន់បានប្រគល់ប្រាក់ថ្លៃលក់ឱ្យលោក ខ ដែរ ហេតុដូចនេះ លោក ខ និងលោក ក គឺមានសិទ្ធិលើបំណុលលើផ្ទះមួយនោះដែលត្រូវបានទទួលស្គាល់ដោយឯកសិទ្ធិ។

ក្នុងករណីដែលមានម្ចាស់ឯកសិទ្ធិច្រើននាក់ដែលមានអាទិភាពស្មើគ្នាលើវត្ថុដែលជាកម្មវត្ថុតែមួយ ម្ចាស់ឯកសិទ្ធិនីមួយៗ ត្រូវទទួលនូវការសងតាមសមាមាត្រនៃសិទ្ធិលើបំណុលរៀងៗខ្លួន។ បន្ថែមពីនេះ លក្ខខណ្ឌតតាំងជាមួយតតិយជន ឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុ និងឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ តម្រូវឱ្យមានការចុះបញ្ជីភា្លមក្រោយពីបានបញ្ចប់សកម្មភាពរក្សាទុកដើម្បីមានអានុភាពអាចតតាំងចំពោះតតិយជនបាន។  ចំណែកឯ ឯកសិទ្ធិចំពោះការលក់អចលនវត្ថុ តម្រូវឱ្យការចុះបញ្ជីបញ្ជាក់ថា មិនទាន់បានសងថ្ងៃទិញ ឬ ការប្រាក់ ព្រមគ្នានឹងពេលធ្វើកិច្ចសន្យាលក់ទិញ។

សរុបជារួមមក ឯកសិទ្ធិលើអចលនវត្ថុ គឺជាសិទ្ធិប្រាតិភោគប្រក្សត្រដែលមានការទទួលស្គាល់ដោយក្រមរដ្ឋប្បវេណី ដោយពុំតម្រូវឱ្យមានការបង្កើតកិច្ចសន្យា ដើម្បីឱ្យសិទ្ធិនេះមានអានុភាពអនុវត្តនោះទេ ក៏ប៉ុន្ដែម្ចាស់សិទ្ធិនេះតម្រូវឱ្យមានការចុះបញ្ជីទើបមានអានុភាពអាចតតំាងជាមួយតតិយជនបាន។ កូនបំណុលត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះម្ចាស់បំណុល ក្នុងករណីដែលកូនបំណុលមិនបានគោរព និងអនុវត្តកាតព្វកិច្ចរបស់ខ្លួនចំពោះម្ចាស់បំណុល ពេលនោះម្ចាស់បំណុលដែលមានសិទ្ធិលើបំណុលដែលត្រូវបានទទួលស្គាល់ដោយឯកសិទ្ធិលើអចលនវត្ថុ មានសិទ្ធិដាក់ពាក្យសុំទៅ តុលាការ ដើម្បីធ្វើ ការលក់ ដោយបង្ខំលើអចលនវត្ថុ នោះ ដើម្បីយកលុយមក សងខ្លួន។

រៀបរៀងដោយ៖ លោក ឡេង ពុទ្ធីតារា និងលោក លី លីនដូ ជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclf.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕