(ប៉ារីស)៖ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kylian Mbappe របស់ក្លិប Paris Saint Germain បានជាប់ឈ្មោះជាកីឡាករល្អជាងគេប្រចាំលីគកំពូលបារាំង Ligue 1 ជាលើកទី៤ បន្ទាប់ពីបានរួមចំណែងជួយក្លិបឈ្នះពានលីគកំពូលជាលើកទី១១, នេះបើតាមប្រភពពី CNA នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធបារាំង Mbappe ជាកីឡាករតែមួយរូបគត់ដែលបានឈ្នះពានរង្វាន់នេះចំនួន ៤ដងចាប់ពីរដូវកាល២០១៨-១៩ ដល់រដូវកាល២០២២-២៣ និងបានបំបែកកំណត់ត្រារបស់កីឡាករ Zlatan Ibrahimovic ដែលឈ្នះបាន ៣លើក។

បុរសវ័យ ២៤ឆ្នាំ បានលើកឡើងថា «ខ្ញុំសូមអរគុណដល់កីឡាករ បុគ្គលិក និងមនុស្សគ្រប់គ្នា, ខ្ញុំពិតជាសប្បាយចិត្ត និងនៅទីនេះបន្តទៀត» ខណៈការនិយាយនេះ មិនបានផ្តល់ការបញ្ជាក់ឲ្យច្បាស់ថា បន្តនៅរហូតដល់ឆ្នាំ២០២៥នោះទេ ដ្បិតកិច្ចសន្យាត្រូវបញ្ចប់នៅត្រឹមឆ្នាំ២០២៤ ដោយមានលក្ខខណ្ឌជម្រើសមួយបន្ថែម។

រំលឹកផងថា សម្រាប់លីគបារាំង Ligue 1 ជើងឯកបានទៅលើក្លិប Paris Saint Germain ដ្បិតនៅសល់ ១ប្រកួតទៀត ប៉ះជាមួយក្រុម Clermont Foot នៅសប្តាហទី៣៨ បញ្ចប់រដូវកាល៕