(បរទេស)៖ ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប MediaTek បាននិយាយថាខ្លួននឹងទិញយកបន្ទះឈីបជំនាន់ចុងក្រោយពីក្រុមហ៊ុនផលិតបន្ទះឈីប Arm Ltd ដើម្បីយកទៅផ្គត់ផ្គង់ស្មាតហ្វូនកម្រិតខ្ពស់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុនផលិតបន្ទះឈីប Arm បានប្រកាសចេញនូវបន្ទះឈីបថ្មីចំនួនពីរសម្រាប់ឧបករណ៍ចល័ត (ស្មាតហ្វូន) ដែលមានឈ្មោះថា Immortalis-G720 និង Cortex-X4 ដែលត្រូវបានគេស្គាល់ថាជាបន្ទះឈីបដែលមានកម្លាំងខ្លាំងសម្រាប់ដំណើរការទៅលើរូបភាព វីដេអូ និងកម្មវិធី AI (AI application)។

យោងតាមរបាយការណ៍ព្រឹកនេះ Arm បាននិយាយថា បន្ទះឈីបថ្មីទាំងពីរនេះមានដំណើរការប្រសើរជាបន្ទះឈីបជំនាន់មុនៗ ដោយឡែកចំពោះ Cortex-X4 វិញកាន់តែពិសេសដែលវាមានសមត្ថអាចប្រើប្រាស់ថាមពលតិចជាងមុន ៤០ភាគរយ ដែលជាគន្លឹះសម្រាប់ស្មាតហ្វូនក្នុងការរក្សាថាមពលថ្មបានយូរ។

ជាឱកាសបន្ទាប់ពី Arm ប្រកាសចេញលក់បន្ទះឈីប ក្រុមហ៊ុន Media Tek កក់កន្លែងបញ្ជាទិញនោះភ្លាមនិងក្លាយជាអតិថិជនដំបូងគេដែលបានប្រើប្រាស់បន្ទះឈីបពី Arm។ តែយ៉ាងណាសម្រាប់ព័ត៌មានលម្អិតផ្សេងៗទាក់ទងតម្លៃ និងភាពជាដៃគូផ្គត់ផ្គង់នៅមិនទាន់មានរបាយកាណ៍លម្អិតនៅឡើយនោះទេ។

គួរជម្រាបដែរថា MediaTek គឺជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបសម្រាប់ស្មាតហ្វូនកម្រិតទាប និងមធ្យមជាយូរណាស់មកហើយ ខណៈបច្ចុប្បន្ននេះកំពុងជំរុញចូលទៅក្នុងទីផ្សារដើម្បីផ្គត់ផ្គង់បន្ទះឈីបសម្រាប់ស្មាតហ្វូនលំដាប់ខ្ពស់ ដែលធ្លាប់គ្រប់គ្រងដោយគូប្រជែង Qualcomm Inc ដែលស្ថិតក្នុងជម្លោះផ្លូវច្បាប់ជាមួយ Arm តាំងពីឆ្នាំមុន ជុំវិញកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណបន្ទះឈីប៕