(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក U23 កម្ពុជា បានស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ នៃការប្រកួតបាល់ទាត់ជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំ (AFF U-23 Championship) លើកទី៤ ដែលការប្រកួតគ្រោងធ្វើចាប់ពីថ្ងៃទី១៧-២៦ ខែសីហា ឆ្នាំ២០២៣។

តាមប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានឲ្យដឹងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញលទ្ធផលការចាប់ឆ្នោតជ្រើសរើសពូល ដោយឃើញថាក្រុម U23 កម្ពុជា គឺស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ, មីយ៉ាន់ម៉ា និងព្រុយណេ នៃការប្រកួតប្រជែងពានរង្វាន់បាល់ទាត់កម្រិតយុវជនអាស៊ីអាគ្នេយ៍ (AFF)។

ចំណែកពូល B មានឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងទីម័រខាងកើត ហើយនៅពូល C មានក្រុមវៀតណាម, ហ្វីលីពីន និងក្រុមឡាវ ដ្បិតក្រុមដែលធ្លាប់ឈ្នះពាននេះមានក្រុមវៀតណាម, ថៃ និងឥណ្ឌូនេស៊ី ខណៈក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានលេខ៤ កាលឆ្នាំ២០១៩។