(រ៉ូម)៖ គ្រូបង្វឹកក្លិប Napoli លោក Luciano Spalletti នឹងមិនទទួលបន្ទុក ដឹកនាំក្រុមម្ចាស់ពានរង្វាន់ជើងឯកអ៉ីតាលី Serie A នៅរដូវកាលក្រោយនោះទេ ដោយសារលោកបានស្នើសុំ ដើម្បីឈប់សម្រាករយៈពេល ១ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក Spalletti ទើបតែបានដឹកនាំក្រុម Napoli ដណ្តើមបានពានរង្វាន់ Serie A ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩០។

«លោក Spalletti ពិតជាគ្រូបង្វឹកដ៏អស្ចារ្យ ជាមនុស្សចិត្តទូលាយ, គាត់ផ្តល់ឲ្យគេច្រើន, ខ្ញុំអរគុណគាត់ ហើយឥឡូវវាពិតជាត្រឹមត្រូវ ដែលគាត់បានធ្វើអ្វីដែលគាត់ចង់ធ្វើ»។ នេះជាសម្តីម្ចាស់ក្លិប Napoli លោក Aurelio De Laurentiis បានលើកឡើងក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ Rai TV នៅយប់ថ្ងៃអាទិត្យ។

លោក​ Spalletti វ័យ ៦៤ឆ្នាំបានប្រាប់ម្ចាស់ក្លិបថា លោកចង់ឈប់សម្រាក ដើម្បីធ្វើការស្រាវជ្រាវរយៈពេល ១ឆ្នាំ។ នេះបើតាមសម្តីលោក De Laurentiis។ លោកបន្ថែមថា លោកនឹងមិនប្រឆាំងចំពោះសំណើនោះទេ។

លោក Spalletti បានចូលដឹកនាំក្លិប Napoli ក្នុងឆ្នាំ២០២១៕