(បរទេស)៖ កាលពីពេលថ្មីៗនិយតករអ៊ីនធឺណិតរបស់ប្រទេសចិនបានលុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរួមមាន WeChat, Douyin និង Weibo សរុបប្រមាណជា ១.៤លានគណនី បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាង ២ខែ ក្រោមគោលការណ៍ «សម្អាត» ព័ត៌មានក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

យោងតាមរដ្ឋបាល Cyberspace ប្រទេសចិន (CAC) នេះជាលើកទី២ ហើយដែលនិយតករអ៊ីនធឺណិតសម្រេចលុបចោលគណនីក្លែងក្លាយ ដោយកាលពីសប្តាហ៍មុនប្រមាណជា ៦៧,០០០គណនី និងសារបង្ហោះរាប់រយពាន់សន្លឹកទៀតត្រូវបានលុបនៅចន្លោះថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី២២ ខែឧសភា ដែលជាផ្នែកនៃយុទ្ធនាការ «កែតម្រូវ» ខ្លឹមសារបង្ហោះ។

ចាប់តាំងពីឆ្នាំ២០២១ ប្រទេសចិនបានកំណត់គោលដៅគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់ពាន់លានគណនី និងកម្មវិធីក្នុងគោលបំណង «សម្អាត» ព័ត៌មាន ឬការចែករំលែកព័ត៌មានមិនពិត ដែលត្រូវបានគេចាត់ទុកថាជារឿងរស៊ើប ឬរិះគន់គណបក្សកុម្មុយនីស្ត រដ្ឋាភិបាល ឬយោធា ជាពិសេសនៅពេលដែលព័ត៌មានទាំងនោះរីករាលដាល។

ក្នុងចំណោមគណនី ៦៧,០០០គណនីដែលត្រូវបាននិយតករអ៊ីនធឺណិតចិនបិទលើកទី១ ក្នុងនោះមានប្រហែល ៨,០០០គណនីត្រូវបានលុបចោលជារៀងរហូតដែលត្រូវបានគេរកឃើញពីការ «ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក្យចចាមអារ៉ាម និងព័ត៌មានដែលបង្កគ្រោះថ្នាក់»។ ចំណែកឯគណនីជាង ១លានគណនីផ្សេងទៀតត្រូវបានគេរកឃើញថា ខ្លះបានបង្កើតឡើងក្នុងគោលបំណងឆ្លៀតឱកាសរកប្រាក់ចំណេញប្រហែលជា ៩៣០,០០០គណនី, ក្លែងបន្លំជាអ្នកសារព័ត៌មានប្រហែល ១០០,០០០គណនី, ក្លែងបន្លំជាគណនីស្ថាប័នរដ្ឋប្រហែល ២៥,០០០គណនី, គណនីអាជីវកម្មក្លែងក្លាយប្រហែល ១៨៧,០០០គណនី ខណៈដែលគណនីផ្តល់ដំបូន្មានវិជ្ជាជីវៈ ឬសេវាកម្មអប់រំដោយមិនមានជំនាញវិជ្ជាជីវៈពាក់ព័ន្ធមានប្រហែល ៤៣,០០០គណនី និងជាង ៤៥,០០០គណនីទៀតត្រូវបានបិទដោយសារបញ្ហាខុសច្បាប់ និងការបំផុសបំផុលព័ត៌មានក្តៅ។

គួរជម្រាបដែរថា រដ្ឋាភិបាលចិននឹងនៅតែបន្តត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើបញ្ហានេះ បើទោះបីជាមានការបិទ ឬផ្អាកគណនីរាប់លានហើយក៏ដោយ៕