(បរទេស)៖ កំពូលតារាសម្ដែងជើងចាស់ Arnold Schwarzenegger (អាណុល ស្វរស៊ីណេហ្គើ) ដែលត្រូវបានគេស្គាល់ថា ជាអតីតកីឡាករកាយវប្បកម្ម ឈ្នះពាន Olympic ដល់ទៅ៧សម័យ, អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ា និងជាតារាសម្ដែងល្បីផងនោះ នាពេលថ្មីៗនេះ តាមរយៈបទសម្ភាសន៍មួយ បានបង្ហើបពីការចង់ចូលរួមសម្តែងជាមួយ Marvel Cinematic Universe ដោយបញ្ជាក់ថា លោកចង់ចូលសម្តែង ប្រសិនបើមានតួអង្គណាមួយសមស្របនឹងរូបលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Yahoo។

នៅពេលត្រូវបានគេសាកសួរ នៅក្នុងកិច្ចសម្ភាសន៍ពីអាជីពសម្តែង តារាសម្ដែងល្បីតាំងជំនាន់ឆ្នាំ១៩៨០ ដូចជារឿង Terminator វ័យ៧៥ឆ្នាំរូបនេះ បានឆ្លើយតបថា ប្រសិនបើមានតួអង្គណាមួយសមស្របនឹងរូបលោក លោកនឹងចូលរួមសម្តែងជាមួយផលិតកម្ម Marvel Universe។ ការបង្ហើបរបស់លោក គឺបន្ទាប់ពីខែមុន Deadline បានរាយការណ៍ថា Schwarzenegger នឹងត្រឡប់មកចូលក្នុងពិភពខ្សែភាពយន្តឡើងវិញ បន្ទាប់ពីការផ្អាកអស់រយៈពេល៤ឆ្នាំ។  

គួរបញ្ជាក់ថា មិត្តភក្ដិវ័យចាស់ៗជំនាន់លោក Arnold Schwarzenegger (អាណុល ស្វរស៊ីណេហ្គើ) សុទ្ធតែបានចូលរួមសម្ដែងក្នុង Marvel។ ជាក់ស្ដែងដូចជាលោក Sylvester Stallone (តួ Stakar Ogord មេក្រុម Revengers ក្នុង Guardian of the Galaxy និងលោក Kurt Russel លេងតួ Ego ឪពុករបស់ Star-Lord ជាដើម៕