(មេនឆេស្ទើ)៖ លោក Erik ten Hag អ្នកចាត់ការទូទៅក្លិប Manchester United បានថ្លែងថា កីឡាករខ្សែការពារ Harry Maguire មានជម្រើសមួយក្នុងការសម្រេចចិត្តពីអនាគតរបស់ខ្លួន ដ្បិតកិច្ចសន្យាចាស់របស់គេនៅកីឡដ្ឋាន Old Trafford នៅសល់ ១ឆ្នាំទៀត។

ខ្សែការពារអន្តរជាតិអង់គ្លេស វ័យ ៣០ឆ្នាំខាងលើនេះ បានចូលលេងតែ ១៦ប្រកួតប៉ុណ្ណោះនៅ Premier League ក្នុងចំណោម ៣៨ប្រកួតនារដូវកាលនេះ នៅពេលបិសាចក្រហមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃតំបន់កៅអី UEFA Champions League សម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤។

ទន្ទឹមគ្នានោះ លោក Erik ten Hag បានថ្លែងប្រាប់គេហទំព័រ The Times ផងថា «គ្មាននរណាម្នាក់សប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្ននេះទេ។ គាត់លេងមិនល្អដូចយើងគិតទេ បើទោះបីជាធ្វើបានល្អនៅអំឡុងពេលហ្វឹកហាត់ក៏ដោយ»។

យ៉ាងណាក៏ដោយ ការមកដល់របស់ខ្សែការពារកណ្តាលដូចគ្នារួមមាន Lisandro Martinez និង Raphael Varane ដែលមានការពេញចិត្តពេញថ្លើមពីសំណាក់បុរសសញ្ជាតិហូឡង់ Ten Hag ផងនោះ បានធ្វើឲ្យកៅអីរបស់ប្រធានក្រុម Maguire កាន់តែចង្អៀតទៅៗនៃរដូវកាលដំបូងរបស់ពួកគេទាំងពីរនៅទឹកដី Old Trafford។

ស្ថិតក្នុងតម្លៃខ្លួន ៨០លានផោន ក្នុងនាមខ្សែការពារថ្លៃជាងគេ Harry Maguire បានចូលលេងឲ្យ Man Utd ចំនួន ១៧៥ប្រកួតមកហើយក្នុងរយៈពេល ៤ឆ្នាំមកនេះ ពោលគឺចាប់តាំងបិសាចក្រហមទិញពី Leiceser City ក្នុងឆ្នាំ២០១៩ មក។

Harry Maguire នឹងបន្តធ្វើជាប្រធានក្រុមដដែលក្នុងការដឹកនាំ Man Utd ប្រកួតទល់នឹង Mancheste City ដណ្តើមពាន FA Cup នៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕