(អេមស្ទឺដេម)៖ លោក Edwin van der Sar បានលាលែងពីតួនាទីរបស់លោក ក្នុងនាមជាប្រធាននាយកប្រតិបត្តិ នៅក្លិបហូឡង់ Ajax។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

បុរសវ័យ ៥២ឆ្នាំ ដែលជាអតីតអ្នកចាំទីក្លិបបិសាចក្រហម Manchester United, Fulham និងក្រុមជម្រើសជាតិហូឡង់ ដែលបានចាប់ផ្តើមអាជីពលេងបាល់ទាត់របស់លោកជាមួយ Ajax រូបនេះ ត្រូវបានតែងតាំង ក្នុងក្រុមប្រឹក្សាភិបាលរបស់ក្លិបចាប់តាំងពីឆ្នាំ២០១២ មក។

ដំបូងឡើយលោកបានកាន់តួនាទីជាប្រធានផ្នែកទីផ្សារ ក្រោយមកបានក្លាយជាប្រធាននាយកប្រតិបត្តិ ក្នុងឆ្នាំ២០១៦ ហើយបានស្ថិតក្នុងកិច្ចសន្យាដែលនឹងបន្តដំណើរការរហូតដល់ឆ្នាំ២០២៥។

លោក Van der Sar បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា «បន្ទាប់ពីរយៈពេលជិត ១១ឆ្នាំ ក្នុងក្រុមប្រឹក្សាភិបាល ខ្ញុំបានបំពេញវារួចរាល់ហើយ»