(បរទេស)៖ នៅមុននេះបន្តិចមានរបាយការណ៍មកថា យន្តហោះឯកជនដែលប្រើប្រាស់ដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានទៅដល់ប្រទេសចិន និងបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៣។

ប្រភពដដែលបាននិយាយថា នេះជាលើកទី១ របស់ Musk ដែលបានទៅដល់ប្រទេសចិន បន្ទាប់ពីរយៈពេល ៣ឆ្នាំ ក៏ដូចជាចាប់តាំងពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក-ចិនចាប់ផ្តើមកក្រើកខ្លាំងមក។ ការទៅដល់របស់ Musk ត្រូវបានគេរំពឹងថា នឹងជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ចិន ថែមទាំងទៅទស្សនារោងចក្រ Shanghai របស់ក្រុមហ៊ុន Tesla ថែមទៀតផង។

យោងតាម ADS-B Exchange ដែលជាគេហទំព័រប្រមូលផ្តុំការហោះហើរ បានឱ្យដឹងថា យន្តហោះឯកជនរបស់ក្រុមហ៊ុន Musk ដែលជាប្រភេទយន្តហោះ Gulfstream G650ER ឆ្នាំ២០១៥ បានចាកចេញពីអាឡាស្កានៅព្រឹកថ្ងៃអង្គារ មុនពេលឆ្លងកាត់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ខណៈការទៅដល់របស់ Musk ធ្វើឱ្យមានការភ្ញាក់ផ្អើលដោយមិនមានការជូនដំណឹងជាមុន ដោយលោកគ្រាន់តែប្រាប់ទៅសារព័ត៌មានផ្សេងៗថា លោកមានគម្រោងទៅ ប៉ុន្តែមិនទាន់ដឹងថាពេលណានោះទេ។

គួរជម្រាបដែរថា ប្រទេសចិនគឺជាទីផ្សារធំទីពីររបស់ក្រុមហ៊ុន Tesla បន្ទាប់ពីសហរដ្ឋអាមេរិក ហើយរោងចក្រសៀងហៃគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla៕