(ក្រុងឡុងដ៍)៖ លោក Pep Guardiola ត្រូវបានបោះឆ្នោតជាប់ក្លាយជាគ្រូបង្វឹកល្អបំផុតប្រចាំរដូវកាលនេះ ពីសមាគមអ្នកចាត់ការទូទៅ ដែលហៅកាត់ថា LMA (League Managers Association) បន្ថែមលើពានគ្រូបង្វឹកល្អប្រចាំ Premier League ដែលបានឈ្នះកាលសប្តាហ៍មុនផងដែរ។

នេះក៏ជាលើកទី៣ ផងដែរសម្រាប់បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៥២ឆ្នាំខាងលើដែលឈ្នះពានឯកត្តជន LMA ក្រោយពេលឈ្នះ ២លើកដំបូងនៃរដូវកាលឆ្នាំ២០១៧-២០១៨ និងរដូវកាល ២០២០-២០២១ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ផងថា ការឆ្នោតដើម្បីជ្រើសរើស LMA ប្រចាំឆ្នាំនេះ គឺត្រូវបានធ្វើឡើងដោយអ្នកចាត់ការទូទៅពីបណ្តាគ្រូបង្វឹកនៃលីគកំពូលទាំងអស់នៅជុំវិញពិភពលោកតែម្តង ក្រោមគំនិតផ្តួចផ្តើមរបស់លោក Sir Alex Ferguson អតីតអ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United។

ការបោះឆ្នោតគាំទ្រលោក Pep នេះដែរ គឺក្រោយពេលរូបលោកបានដឹកនាំ Man City ឈ្នះជើងឯក Premier League រដូវកាលនេះ និងជាលើកទី៣ ជាប់ៗគ្នាផងដែរ ក្នុងចំណោម ៥លើកនៃរយៈពេល ៦រដូវកាលក្នុងកីឡដ្ឋាន Etihad។

Pep Guardiola បានក្លាយជាអ្នកចាត់ការទូទៅទី៣ ដែលឈ្នះពានរង្វាន់គ្រូបង្វឹកល្អប្រចាំឆ្នាំចាប់ពី ៣ដងឡើងទៅស្មើនឹងលោក David Moyes ប៉ុន្តែនៅចាញ់ ២ពានទៀត បើធៀបទៅនឹងលោក Sir Alex Ferguson៕