(បរទេស)៖ ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តធំៗលំដាប់ពិភពលោកដូចជា Ford និង Tesla ប្រកាសពីការកើនឡើងភាគហ៊ុនគួរឱ្យកត់សម្គាល់នៅដើមត្រីមាសទី២ ឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp ក៏ទទួលបានលទ្ធផលមិនធម្មតាដែរ។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះ ស្ទើរតែគ្រប់អាជីវកម្មរបស់ Toyota ហក់ឡើងខ្ពស់ ជាពិសេសអាជីវកម្មរថយន្តកើនឡើងជាខ្លំាងដែលឈានដល់ចំនួនដាក់លក់ជាង ៨០ម៉ឺនគ្រឿងនៅទូទាំងពិភពលោក ខណៈលក់ដាច់ខ្លាំងនៅទីផ្សារជប៉ុន និងចិន។ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍លក់ពីក្រុមហ៊ុន Toyota បានបង្ហាញថា ការលក់ជាសកលនៅដើមត្រីមាសខែមេសា កន្លងទៅនេះបានកើនឡើងជាង ៥ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលជំរុញដោយតម្រូវការខ្លាំងសម្រាប់រថយន្តកូនកាត់ និងរថយន្តដែលប្រើសាំងនៅក្នុងប្រទេសជប៉ុន និងប្រទេសចិន។

ជាលទ្ធផលត្រឹមតែខែមេសា ក្រុមហ៊ុន Toyota លក់រថយន្តបានចំនួន ៨០០,៨៦៣គ្រឿងនៅទូទាំងពិភពលោក ដោយក្នុងនោះម៉ូដែល Lexus ដ៏ប្រណិតជំនាន់ចុងក្រោយបានកើនឡើងខ្ទង់ ៤.៩ភាគរយ បើធៀបនឹងត្រីមាសទី២ ឆ្នាំមុន។ ការលក់រថយន្តកូនកាត់ដូចជារថយន្ត Prius ថ្មីនៅក្នុងប្រទេសជប៉ុនកំពុងកើនឡើងជាខ្លាំងដល់ទៅ ៥៩.២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹជាងពាក់កណ្តាលនៃរថយន្តសរុបចំនួន ១២៥,៣២៦ គ្រឿងដែលដាក់លក់ក្នុងត្រីមាសមុន។

បើងាកមកលទ្ធផលនៃការលក់របស់ Toyota ក្នុងប្រទេសចិនវិញ បានកើនឡើងប្រហែល ៤៦.៣ភាគរយ ដែលឈានដល់ចំនួនរថយន្ត ១៦២,៥៥៤ គ្រឿងក្នុងរយៈពេល ១ខែដូចគ្នា បើប្រៀបធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុន គឺស្ទុះងើបឡើងវិញពីផលប៉ះពាល់ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩។

ដោយឡែកសម្រាប់រថយន្តអគ្គិសនីវិញ Toyota ហាក់មិនសូវមានសន្ទុះខ្លាំងនោះទេ ក្នុងរយៈពេលមួយខែដូចគ្នាទៅនឹងរថយន្តកូនកាត់ លក់បានត្រឹមតែជាង ៨,៥៨៤គ្រឿងនៅទូទាំងពិភពលោក។ បើគិតសរុបពីខែមករា រហូតដល់ខែមេសា ក្រុមហ៊ុន Toyota លក់រថយន្តអគ្គិសនីបានសរុប ២៦,០៥៧ គ្រឿង ប៉ុន្តែក៏ជាលទ្ធផលល្អដែលបើធៀបនឹងឆ្នាំមុនលក់បានត្រឹមតែ ២៤,៤៦៦គ្រឿង។

គួរជម្រាបដែរថា តាមរយៈការចេញផ្សាយនេះ អាជីវកម្មរថយន្តកូនកាត់ និងប្រើសាំងរបស់ Toyota នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន បើធៀបនឹងរថយន្តអគ្គិសនីដែលក្រុមហ៊ុននេះផ្តល់ជូន។ ខណៈដែល ក្រុមហ៊ុនផលិតរថយន្តធំៗផ្សេងទៀតកំពុងទទួលបានការគាំទ្រទៅលើរថយន្តអគ្គិសនីខ្លាំងទៅវិញ៕