(តូរីន)៖ ក្លិបបាល់ទាត់អាជីព Juventus ត្រូវតែបង់ប្រាក់ពិន័យប្រមាណ ៦២០០០០ផោន ទៅឲ្យអាជ្ញាធរបាល់ទាត់អ៉ីតាលី ដើម្បីដោះស្រាយករណីត្អូញត្អែរពីការបើកប្រាក់បៀវត្សរ៍របស់កីឡាករនាពេលកន្លងមក។

ការព្រមព្រៀងពិន័យជាទឹកប្រាក់នេះដែរមានន័យថា ក្លិបសេះបង្កង់ Juventus មួយនេះ បានទទួលយកនូវការកាត់ ១០ពិន្ទុចេញពីលីគ Serie A រដូវកាលនេះ និងមិនរងពិន័យកាត់ពិន្ទុច្រើនជាងនេះទៀតឡើយ ពោលគឺចប់គ្រប់ករណីសម្រាប់ក្លិបប្រចាំនៅទីក្រុង Turin នេះតែម្តង។

ភ្លាមៗនោះដែរ Juventus ក៏បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC ឲ្យដឹងថា «កិច្ចព្រមព្រៀងចុងក្រោយនេះដែរ នឹងធ្វើឲ្យក្លិបទទួលបានលទ្ធផលវិជ្ជមាន ដែលអាចធ្វើឲ្យក្លិបមានលំនឹងឡើងវិញ ក្រោយមានភាពតានតឹងមួយរយៈពេលកន្លងមក។ នេះមានន័យថា អាចអនុញ្ញាតដល់អ្នកចាត់ការទូទៅ លោក Massimiliano Allegri និងកីឡាករទាំងអស់ផ្តោតតែទៅលើគម្រោងសម្រាប់រដូវបន្ទាប់ផងដែរ»

ក្រោយរងពិន័យនៃការកាត់ ១០ពិន្ទុចេញពី Serie A រដូវកាលនេះ បានធ្វើឲ្យ Juventus ធ្លាក់ពីលេខ២ មកលេខ៧ វិញនៅក្រៅតំបន់កៅអីលេងពានអឺរ៉ុបនារដូវកាលក្រោយ ដ្បិតនៅសល់ ១ប្រកួតមុនបិទរដូវកាលនេះដ៏ពេញលេញ។

ពួកគេនៅចាញ់ ១ពិន្ទុពីក្រុម Roma និងដាច់ ២ពិន្ទុផងដែរពីក្រុមលេខ៥ Atalanta ពីតំបន់កៅអីលេងពាន Europa League និង Europa Conference League ផងដែរ។ ក្រុមដែលដឹកនាំដោយលោក Allegri នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Udinese សម្រាប់ ១ប្រកួតចុងក្រោយនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕