(បរទេស)៖ តារាប្រុសវ័យ៥៩ Johnny Depp បានប្រកាសនៅលើប្រប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្ហាញពីព័ត៌មាននៃការរងរបួសរបស់លោក ដោយបាក់ឆ្អឹងកជើង និងបញ្ជាក់កាលបរិច្ឆេទដែលបានកំណត់ឡើងវិញ សម្រាប់ដំណើរទេសចរណ៍ហូលីវូដរបស់ខ្លួន នៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

Depp ដែលលេងក្នុងក្រុមជាមួយ Alice Cooper និង Joe Perry បានសរសេរនៅលើ Instagram ថា «មិត្តជាទីស្រឡាញ់ ខ្ញុំពិតជាសោកស្តាយណាស់ ចំពោះការជូនដំណឹងនេះ ដែលថាខ្ញុំបានបាក់កជើង…។ តាំងពីនៅទីក្រុង Cannes និង Royal Albert Hall វាហាក់មិនធូរស្បើយឡើយ គឺមានតែធ្ងន់ធ្ងរទៅៗ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តជាច្រើនបានណែនាំ ឲ្យខ្ញុំជៀសវាងសកម្មភាពនានាពេលនេះ ហើយខ្ញុំពិតជាសោកស្តាយ ដែលមិនអាចចូលរួមដំណើរទេសចរណ៍នេះ»

ទន្ទឹមនឹងនេះ ការប្រគំតន្រ្តីរបស់លោក ដែលមានឈ្មោះថា «Hollywood Vampires» គឺត្រូវបានលើកទៅធ្វើនៅពេលក្រោយ គឺក្នុងពេលវេលាសមស្របណាមួយ ខណៈ Johnny Depp សន្យារជាមួយអ្នកគាំទ្រថា ពេលលោកបានជាសះស្បើយ លោកនឹងនាំមកនូវទស្សនីយភាពអស្ចារ្យ និងសប្បាយទៅដល់អ្នកគាំទ្រវិញ៕