(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែឧសភានេះ មានប្រតិភូកីឡាប៉ារ៉ាឡាំពិក នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងមន្ដ្រីបច្ចេកទេសអន្ដរជាតិជិត ១ពាន់នាក់ បានធ្វើដំណើរមកដល់កម្ពុជាបន្ដបន្ទាប់ ខណៈក្រុមប្រតិភូកីឡាជនពិការឥណ្ឌូនេស៊ី បានប្រើប្រាស់យន្ដហោះពិសេស ២គ្រឿង សម្រាប់ធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

យោងតាមរបាយការណ៍ក្រុមការងារពិធីការ នៃគណៈកម្មាធិការជាតិ CAMAPGOC ថ្ងៃនេះ មានប្រតិភូកីឡា និងមន្ដ្រីបច្ចេកទេសអន្ដរជាតិសរុបចំនួន ៩៥០នាក់ ត្រូវធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដូចជាប្រតិភូ និងអត្តពលិកប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ឡាវ ប្រ៊ុយណេ ហ្វីលីពីន និងកម្ពុជាផងដែរ។

ក្នុងនោះដែរ ឥណ្ឌូនេស៊ី បានរៀបចំយន្ដហោះពិសេស ២គ្រឿង នៃក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ដើម្បីដឹកជញ្ជូនប្រតិភូ អត្តពលិក និងមន្ដ្រីបច្ចេកទេសរបស់ខ្លួនចំនួន ២៥០នាក់ មកកាន់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ បន្ទាប់ពីមកដល់កម្ពុជា ទាំងប្រតិភូកីឡាឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងៗ សុទ្ធតែទទួលបានការស្វាគមន៍ និងយកចិត្តទុកដាក់ខ្ពស់ដូចគ្នា ពីសំណាក់ក្រុមការងារ CAMAPGOC ក៏ដូចជាក្រុមយុវជនស្ម័គ្រចិត្ត ទាំងការសម្រួលបែបបទឯកសារ និងមធ្យោយធ្វើដំណើរ ឆ្ពោះទៅកន្លែងស្នាក់នៅជាដើម។

សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានប្រតិភូកីឡាចូលរួមសរុប ២,៦៩២នាក់ មកពី ១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា។ សម្រាប់ការប្រកួតវិញ គឺមាន ១៣ប្រភេទកីឡា និងកីឡាសម្ដែង ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា៕