(ប៊ូដាផេស)៖ ក្រុមបាល់ទាត់ Sevilla បានគ្រងតំណែងពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះ នៅក្រោយពេលយកឈ្នះគូប្រជែងមកពីអ៉ីតាលី Roma ដោយបាល់ទាត់ ១១ម៉ែត្រកាត់សេចក្តី ៤ទល់នឹង១ នៅក្នុងទីក្រុង Budapest នៃប្រទេសហុងគ្រី។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនារាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣ (ម៉ោងនៅប្រទេសកម្ពុជា) ក្រុមជំនាញខាងពាន Europa League បានប្រើពេលដល់ទៅ ១២០នាទី នៅមិនអាចយកឈ្នះគូប្រជែង Roma បានឡើយ ដ្បិតមានលោក Jose Mourinho ដឹកនាំក្រុមលេងនៅ Serie A មួយនេះ ដែលកន្លងមកធ្លាប់ដឹកនាំ Manchester United ឈ្នះពានកម្រិតទី២ កាលឆ្នាំ២០១៧ ដោយបានយកឈ្នះ Ajax ២ទល់នឹង០។

ខ្សែការពារកណ្តាល Gianluca Mancini ដែលបញ្ជូនបាល់ឲ្យ Paulo Dybala បំប៉ោងសំណាញ់ទីបានសម្រេចគ្រាប់នាំមុខនៅនាទី៣៤ នោះ ជាអ្នកធ្វេសប្រហែសចូលទីខ្លួនឯង (own goal) ក្រោយចាប់ផ្តើមលេងវគ្គទី២ បានតែ ១០ប៉ុណ្ណោះ ដែលជាការបើកផ្លូវធ្វើឲ្យមានការថែម ១៥នាទី ២ដង និងប៉េណាល់ទីកាត់សេចក្តីកើតមានឡើង ដ្បិតបញ្ចប់លទ្ធផលស្មើគ្នា ១-១ ក្នុងកីឡដ្ឋាន Puskas Arena ក្នុងប្រកួត ១២០នាទី។

នេះមានន័យថា ក្រុមមកពីលីគកំពូលអេស្ប៉ាញ La Liga ខាងលើនេះ ពុំទាន់ចាញ់ការប្រកួតណាមួយឡើយ ក្នុងចំណោមឈានមកដល់វគ្គផ្តាច់ព្រ័ត្រ Europa League ៧លើក និងមានកៅអីលេងពានលំដាប់កំពូលអឺរ៉ុប UEFA Champions League វគ្គចែកពូលដោយស្វ័យប្រវត្តិផងដែរសម្រាប់រដូវកាលក្រោយ បើទោះបីជាមិនស្ថិតក្នុងតំបន់ Top-4 ក្នុងលីគក៏ដោយ។

ចំណែកឯ Roma ដែលបានលើកពានកម្រិតទី៣ Europa Conference League នារដូវកាលមុននោះ បានឈ្នះតែម្តងគត់នៅពានអឺរ៉ុប ក្នុងចំណោមវគ្គទាត់បាល់ប៉េណាល់ទី ៤លើកនាពេលកន្លងមក ជាមួយនឹងការបង្ខំចិត្តប្តូរកីឡាករសំខាន់ៗដែលជំនាញស៊ុតមានដូចជា Paulo Dybala, Tommy Abraham និងប្រធានក្រុម Lorenzo Pellegrini ចេញជាដើម៕