(ឡុងដ៍)៖ ក្លិប Brentford បានចុះកិច្ចសន្យា នាំយកអ្នកចាំទីកម្រិតខ្ពស់ សញ្ជាតហូឡង់ Mark Flekken មកពីក្លិប Freiburg លេងនៅលីគ Bundesliga លើកិច្ចសន្យារយៈពេល ៤ឆ្នាំ, នេះបើយោងតាមការប្រកាស ពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

តម្លៃលម្អិតនៃការផ្ទេរ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស និងអាល្លឺម៉ង់ បានចុះផ្សាយថា ក្លិប Brentford បានចំណាយថវិកា១៣លានអឺរ៉ូ (១៤.៣១លានដុល្លារ) ជាមួយនឹងកីឡាករវ័យ ២៩ឆ្នាំនេះ ដើម្បីជំនួសអ្នកចាំទី David Raya។

Flekken បាននាំមុខគេ ក្នុងលីគអាល្លឺម៉ង់ Bundesliga ជាមួយនឹងការការពារបាល់មិនឲ្យចូលទី ចំនួន១៣ប្រកួត ក្នុងចំណោម៣៤ប្រកួត ក្នុងរដូវកាលនេះ ខណៈក្លិប Freiburg បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥។

ក្លិប Brentford បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ក្នុងយុទ្ធនាការលើកទី ២របស់ពួកគេក្នុងលីគ Premier League ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ Frank៕