(កូរ៉េ)៖ Kim Taehyung មានឈ្មោះហៅកាត់ថា V សមាជិកក្រុម BTS ត្រូវបានគេដឹងថា ជាតារាម្នាក់ក្នុងក្រុមចម្រៀងដ៏ពេញនិយមបំផុត ដែលមានសមាជិក៧នាក់។ ជាមួយចំនួនអ្នកតាមដានជាង ៥៩.៤លាននាក់នៅលើ Instagram។ ឥឡូវនេះតារា K-pop V ទទួលបានកំណត់ត្រាថ្មីមួយបន្ថែមទៀត ក្លាយជាបុគ្គលដំបូងគេលើពិភពលោក ដែលទទួលបានអ្នកចុច like ដល់ ១០លាននាក់ ស្ទើរតែគ្រប់ករបង្ហោះទាំងអស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo។

នៅលើគ្រប់ការបង្ហោះសរុបជាង ៨០ផុសរបស់ V តែងមានគណនីយ៉ាងហោច ១០លាន នៅទូទាំងពិភពលោកបានចុច Like ដែលធ្វើឲ្យសមាជិក BTS រូបនេះ ក្លាយជាមនុស្សដំបូងគេក្នុងពិភពលោក ដែលសម្រេចបានកំណត់ត្រានេះ។ V កន្លងមកត្រូវបានគេដឹងថា នាំមុខគេដោយអាចបង្កើតកំណត់ត្រាជាម្ចាស់គណនី ដែលអាចឈានដល់អ្នកតាមដាន ១លាននាក់ លឿនបំផុត ពោលគឺក្នុងរយៈពេលត្រឹមតែ ៤៣នាទីប៉ុណ្ណោះ។ មិនយូរប៉ុន្មានតារាវ័យ ២៧ឆ្នាំរូបនេះ ថែមទាំងក្លាយជាម្ចាស់គណនីដែលទទួលបានអ្នកតាមដាន ១០លាននាក់លឿនបំផុត និងមានអ្នកចុច Like ផុសដល់ ១លាន នាក់លឿនបំផុតផងដែរ។

គួររំឭកថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២១ សមាជិក BTS ទាំងអស់បានបង្កើតគណនី Instagram របស់ពួកគេជាសាធារណៈ ហើយចាប់ផ្តើមប្រមូលអ្នកតាមដាន រាប់លាននាក់ភ្លាមៗ។ ទោះមិនសូវបង្ហោះញឹកញាប់ ប៉ុន្តែ Kim Taehyung មានការចុច Like ជាមធ្យម ១២លាននាក់ នៅលើការបង្ហោះរបស់រូបគេម្ដងៗ៕